ព័ត៌មានជាតិ

លោកប្រធានក្រុមប្រឹក្សាខេត្តព្រះសហនុ នាំយកទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃ៣៨វត្ត ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ: នៅព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៦ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបាននាំយកទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់រង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្ដទាំងអស់ក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសប្រគេនទៀនព្រះវស្សានាព្រឹកនេះ ធ្វើឡើងនៅក្នុងបរិវេណវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ដែលមានព្រះសង្ឃនិមន្តមកពីវត្តចំនួន៣៨នៅទូទាំងខេត្តព្រះសីហនុ ដោយក្នុងមួយវត្តៗទទួលបានទៀនវស្សាមួយគូរ អង្ករ ០១បាវ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកក្រូច០១កេស ទឹកសុទ្ធ០១កេស ប្រេងឆា ០៥លីត្រ និងថវិកា ១៣០,០០០រៀល។

លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការប្រគេនទៀនព្រះវស្សានេះ គឺជាការផ្តួចផ្តើមរបស់លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ ដើម្បីកៀរគរមន្ត្រីរាជការ ប្រជាពលរដ្ឋចូករួមប្រគេនទៀនវស្សាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សារយ:ពេល៣ខែ និងឈានចូលមកដល់នាពេលខាងមុខនេះ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមានតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ ដើម្បីវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សារយ:ពេលមួយត្រីមាស ដែលនឹងចាប់ពីថ្ងៃទី ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៥កើតខែអស្សុជ។

លោក ជាម ហ៊ីម បានបន្តថា ការនាំយកទៀនព្រះវស្សាប្រគេនដល់វត្តទាំង៣៨នៅទូទាំងខេត្តនាពេលនេះ ដើម្បីចូលរួមក្នុងវិសយ័ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃ និងវត្តអារាមជាថ្នាលនៃការអប់រំបណ្តុះបណ្តាលប្រៀនប្រដៅសម្រាប់ពុទ្ធបរិស័ទ និងយុវវយ័ឲចេះស្រឡាញ់គ្នា មានមេត្តាករុណា អធ្យាស្រ័យគ្នាកាត់បន្ថយនូវអំពើហិង្សាក្នុងសង្គម និងក្រុមគ្រួសារជាដើម ម្យ៉ាងទៀតព្រះសង្ឃមានតួនាទីអប់រំផ្សព្វផ្សាយនូវផ្លូវធម៌ អហិង្សាដល់ជនគ្រប់រូប ដោយមិនប្រកាន់បក្សពួកនិយម គឺធ្វើយ៉ាងណាឲចេះស្រឡាញ់គ្នា អធ្យាស្រ័យគ្នាធ្វើឲមនុស្សចេះស្គាល់បុណ្យ បាបមានសីលធម៍រស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ។

លោកប្រធានក្រុមប្រឹក្សាខេត្តក៏បានណែនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណ: ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលមិនទាន់មានអត្ដសញ្ញាណប័ណ្ណ ត្រូវបន្តធ្វើឲ្យបានលឿន ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ និងចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ តាមការគ្រោងទុករបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០១៧ និងឆ្នាំ២០១៨ឲ្យទទួលបានជោគជ័យ៕

មតិយោបល់