កណ្តាលៈ លោកអធិការស្រុកពញាឮ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូនិងម៉ូតូខ្ទាតចូលក្រោមរថយន្តធំ បណ្តាលឲ្យកិនស្លាប់៣នាក់(កូនក្នុងពោះម្នាក់) របួសធ្ងន់កុមារីម្នាក់ របួសស្រាល៣នាក់(ប្រុស)។
ករណីនេះកើតឡើងនៅវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៦-៣៧ ភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
នៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1CW9392 បើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះធ្លក សុផល ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិ ស្រែចិន្ដាឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ស្លាប់កន្លែងកើតហេតុ) ប្រពន្ធរួមដំណើរឈ្មោះចាន់ សុខឃីម ទីលំនៅជាមួយគ្នា(ស្លាប់ទាំងកូនក្នុងផ្ទៃ) កូនរួមដំណើរម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ បញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា លុះបើកបរមកដល់កន្លែងកើតហេតុបានឡើងវ៉ារថយន្តខាងលើ(រថយន្តដែលកិន)ក៏ជ្រុលទៅប៉ះដៃចង្កូតជាមួយម៉ូតូដែលបើកបរបញ្ច្រាសទិសពីលិចទៅកើត អ្នកបើកបរឈ្មោះឆួ ឆាងឈុន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិកំពង់ចុះវា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល(របួសស្រាល) អ្នករួមដំណើឈ្មោះណែម សុខាវីត ភេទ ប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិប្រក់ក្តា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល(របួសស្រាល) អ្នករួមដំណើរឈ្មោះប៉ាន កុសល ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល(របួសស្រាល)អ្នកទាំង៣បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។
ខណៈដែលម៉ូតូទាំង២គ្រឿងប៉ះគ្នា ម៉ូតូម៉ាកវីវ៉ាទាំងអ្នកបើកបរនិងអ្នករួមដំណើរក៏ខ្ទាតទៅចូលក្រោមរថយន្តម៉ាកHyundaiពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B 9354 ប្រភេទដឹកទំនិញធុនធំដែលកំពុងបើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះព្រាប ធាភេទ ប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង(ឃាត់ខ្លួន) កិនស្លាប់ទាំងអ្នកបើកបរនិងអ្នករួមដំណើរ)។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធី៕
មតិយោបល់