ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសវ័យប្រហែល៣៥ឆ្នាំម្នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្តរេចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលបើកបរដោយមន្ត្រីយោធាមួយរូប ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹង ត្រង់ចំណុចខាងមុខភោជនីយដ្ឋាន ចរណៃ ក្បែរនិងវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ហើយរថយន្តបង្កព្យាយាមបន្តដំណើរបើករត់គេចខ្លួន តែក៏ត្រូវប្រជាពលរដ្ឋក៏ជាសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរគមន៍បើកដេញតាមពីក្រោយរហូតដល់ទៅដល់ខាងមុខផ្ទះលេខ៣១ ផ្លូវ៥៣BT ក្បែរនិងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទើបរថយន្តបង្កព្រមឈប់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីយោធា បានបើកបរម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហាហ្វីនណូ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AJ-1213 ដោយធ្វើដំណើរតាមបណ្តោយបេតុង ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-8923 ដែលបើកបរដោយបុរសម្នាក់វ័យប្រមាណ៣៥ឆ្នាំ ក្នុងស្ថានភាពស្រវឹងជោកជាំ និងបើកក្នុងល្បឿនយ៉ាងលឿន ទិសដៅបញ្ច្រាសទិសគ្នា។ ហើយរថយន្តបង្កក៏រេចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ។ រីឯអ្នកបើកបរម៉ូតូរងរបួសសន្លប់ស្តូកស្តឹងត្រូវបានប្រជាពលរដ្ឋនៅជិតខាងដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរនោះ។
ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេគឺបានព្យាយាមបើករត់គេចខ្លួនហើយក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុរួមទាំងសមត្ថកិច្ចមូលដ្ឋានជិះម៉ូតូដេញតាមពីក្រោយដើម្បីស្ទាក់ឃាត់រថយន្តបង្កចុះមកធ្វើការដោះស្រាយគ្នា តែរថយន្តបង្កមិនព្រមឈប់នោះទេ ថែមទាំងព្យាយាមបើកកៀរម៉ូតូរបស់សមត្ថកិច្ចមូលដ្ឋានថែមទៀតផងតែសំណាងល្អដែលមិនដួល។ ហើយរថយន្តបង្កនៅតែបន្តដំណើរទៅមុខទៀតរហូតដល់ចំណុចកើតហេតុទើបរថយន្តបង្កព្រមឈប់ហើយអ្នកបើកបររថយន្តបង្កក៏បានចុះពីលើរថយន្ត។ បន្ទាប់មកក៏មានមនុស្សប្រុសស្រី៤ទៅ៥នាក់ដែលកំពុងតែអង្គុយផឹកស៉ីនៅក្នុងផ្ទះលេខ៣១នោះបានចេញមកនាំបុរសដែលជាអ្នកបើកបរថយន្តបង្កចូលទៅក្នុងផ្ទះខាងលើបាត់ ដោយទុករថយន្តចោលនៅខាងក្រៅផ្ទះ មួយស្ទុះក្រោយមកក៏មានអ្នកនៅក្នុងផ្ទះកើតហេតុខាងលើបានជះទឹកចេញពីក្នុងផ្ទះមកលើសមត្ថកិច្ចក៏ដូចជាអ្នកសារព័ត៌មានថែមទៀតផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុហើយក៏មានសាច់ញាតិខាងម្ចាស់ម៉ូតូមកដល់កន្លែងកើតហេតុផងដែល បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានឲ្យភាគីម៉ូតូធ្វើការដោះស្រាយគ្នាជាមួយនិងភាគីខាងរថយន្តបង្ក ដោយភាគីខាងម៉ូតូរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏បានទាមទារសំណងចំនួន២៥០ដុល្លារពីភាគីខាងរថយន្តបង្កហើយដោយភាគីខាងរថយន្តបង្កដឹកពីកំហុសខ្លួនក៏ព្រមចេញសំណងទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
https://www.youtube.com/watch?v=EwbTa9f4ymg
មតិយោបល់