សៀមរាបៈ លោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានប្រាប់ Post News ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចស្ពានដាច់ប្រឡាយទំនប់តាគោ នៅភូមិតាសែង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
ជនរងគ្រោះឈ្មោះ កឿន កឿយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះក្នុងគោលបំណងទៅលាងម៉ូតូនៅចំណុចស្ពានដាច់ ប្រឡាយទំនប់តាគោ ដែលមានខាងកើតឈាងខាងត្បូងភូមិ តាសែង ចម្ងាយប្រហែល៣០០ម៉ែត្រ ពេលជនរងគ្រោះកំពុងឈរលាងម៉ូតូ ស្រាប់តែដួលទៅនិងទឹកហើយបានស្រែកឲ្យគេជួយ។ ពេលនោះឈ្មោះ មាន ប៉ុន ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នករស់នៅភូមិជាមួយគ្នាបានជិះម៉ូតូឆ្លងកាត់ក្នុងគោលបំណងទៅភូមិធាស្នា ឃុំស្នួល ក្នុងពេលនោះឈ្មោះ មាន ប៉ុន បានលឺសម្លេងស្រែកឲ្យជួយ ពេលលឺសម្លេងស្រែកដូច្នេះឈ្មោះ មាន ប៉ុន បានឈប់ម៉ូតូនិងបានរត់ទៅស្រង់ជនរងគ្រោះពីក្នុងទឹក ឡើងមកលើគោក បានដាក់ក្បាលជនរងគ្រោះនៅលើភ្លៅខាងស្តាំ តែពេលនោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។
មូលហេតុ ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយ(បេះដូង)។
ចំពោះសាកសព កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុហើយបានពិនិត្យឃើញថាមិនមែនពាក់ព័ន្ធនិងរឿងឃាតកម្មទេ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់សាកសពជូនឪពុកម្តាយ ប្រពន្ធធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់