ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់របួសស្រាល កាលពីវេលាម៉ោង៨ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល+ក្រចេះ) ចន្លោះគីឡូម៉ែត២៥៨ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកឡង់គ្រឺស័រ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2L-4149 អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅទិសខាងកើត បានបុកម៉ូតូម៉ាក នែវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កាន ណារីន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរដោយឈ្មោះ ខា តឹ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) រួមដំណើរដោយឈ្មោះ កាំង សីហា ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) អ្នកទាំង២បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល។ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់