ព័ត៌មានជាតិ

នគរបាលនិងព្រះរាជអាជ្ញា ចងនិងចោទរឹងមាំ ពេលបញ្ជូនដល់ចៅក្រម អ៊ុក សុវណ្ណរិទ្ធ ដោះលែងរឿងគ្រឿងញៀនផុយដូចតៅហ៊ូ!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីល្ងាចម្សិលមិញ លោក អ៊ុក សុវណ្ណរិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនត្រូវចោទ ពាក់ព័ន្ធសំណុំរឿង គ្រឿងញៀនម្នាក់ឲ្យមានសេរីភាពវិញ។

សមត្ថកិច្ច ថាការដោះលែងនេះ ត្រូវបានចៅក្រមស៊ើបសួរ ប្រើហេតុផលថា ដាក់ឲ្យជនត្រូវចោទ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ប្រភពបានបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ ឡេក លីហ៊ួ ត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

សមត្ថកិច្ចបានបញ្ជាក់ ក្រោយពេលឃាត់ខ្លួន និងដកហូតវត្ថុតាង មន្ត្រីជំនាញ បានសន្និដ្ឋាន ចោទប្រកាន់ ជនត្រូវចោទឈ្មោះ ឡេក លីហ៊ួ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រោយបញ្ជូនទៅតុលាការ ក៏ត្រូវតំណាងអយ្យការរក្សាបទចោទដដែល រួចបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ ដោយបានស្នើសុំឃុំខ្លួន ជនត្រូវចោទ ប៉ុន្តែដោយសារតែ នគរបាល និងព្រះរាជអាជ្ញា កសាងសំណុំរឿង និងចោទប្រកាន់ ជនត្រូវចោទ រឹងមាំ ពេកទើបត្រូវចៅក្រមស៊ើបសួរដោះលែង យ៉ាងរំភើយ ផុយដូចតៅហ៊ូ។

គួរឲ្យកត់សម្គាល់ថា គេកម្រនឹងបានឃើញ ជនត្រូវចោទ ពាក់ព័ន្ធសំណុំរឿង រក្សាទុកគ្រឿងញៀន ត្រូវបានតំណាងអយ្យការ ឬចៅក្រមស៊ើបសួរ ហ៊ានដោះលែងណាស់ ព្រោះវាជាបទល្មើសឧក្រិដ្ឋ ប៉ុន្តែករណីនេះ បែរជាលោកចៅក្រម អ៊ុក សុវណ្ណរិទ្ធ ដោះលែងយ៉ាងស្រួលទៅវិញ ដោយគ្រាន់តែប្រើហេតុផលថា ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

មតិយោបល់