ភ្នំពេញៈ មិនមែនជារឿងចម្លែកនោះទេដែលតារាមានទម្រង់មុខកូនកាត់លោក ខន រ៉ាម៉ន ហៅជូអ៊ីន បានក្លាយជាតារាភាពយន្តនៅក្នុងពិភពសិល្បៈ ដោយសារតែត្រូវគេស្គាល់យូរមកហើយថាជាតារាដែលមានរូបរាងខ្ពស់សង្ហារ។ តែអ្វីដែលគេចាប់អារម្មណ៍គឺលោកបានក្លាយជាតារាវ័យក្មេងដែលមានឱកាសបានសម្ដែងតួឯកក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣» ដែលគ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី១៨ សីហាខាងមុខ។
លោកជូអ៊ីនត្រូវបានគេស្គាល់ថាបានប្រឡូកការងារសិល្បៈមិនតិចឆ្នាំនោះទេ ដោយថែមទាំងមានបទពិសោធន៍ក្នុងការដឹកនាំ និងតែងនិពន្ធបន្ថែមពីលើការសម្ដែងនោះផង ទើបគេឃើញក៏មាននាទីជាអ្នកចាត់ចែងមួយរូបនៅក្នុងខ្សែរឿងដែលលោកបានសម្ដែង។ នៅក្នុងភាពយន្តលោកច្រើនសម្ដែងជាប្រភេទទុច្ចរិត ឈ្លើយៗ និងមួយចំនួនគឺសម្ដែងជាតួប្រភេទវាយតប់ និងបងធំជាដើម។ ជាក់ស្ដែងលោកក៏បានសម្ដែងជាតួអង្គប្រភេទនេះឲ្យផលិតក្រៅស្រុកមួយ ដែលចុះមកផលិតរឿងកាលពីមួយរយៈមុន ធ្វើឲ្យមានការកត់សម្គាល់ពីស្នាដៃភាពយន្តនោះផង។ លោកជូអ៊ីន គឺជាតារាខ្ពស់ស្រឡះមានទម្រង់មុខស្រដៀងតារាកូរ៉េ ដែលភាពប៉ិនប្រសព្វរបស់លោក បានកើតមានឡើងកាន់តែលេចធ្លោរថែមទៀត បន្ទាប់ពីបានប្រឡូកការសម្ដែងក្នុងបទខារ៉ាអូខេរបស់ផលិតកម្មក្នុងស្រុក។ ប៉ុន្តែស្នាដៃដែលគេកត់សម្គាល់ គឺលោកបានក្លាយជាតួឯកម្នាក់ក្នុងចំណោមតួឯក៣រូបក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣»ដែលជារឿងត្រូវបានមហាជនចាប់អារម្មណ៍តាំងពីពេលចេញថត។
លោកជូអ៊ីន បានអះអាងថានៅក្នុងរឿងនេះ ថ្វីដ្បិតតែ លោកគឺជាតួអង្គឯកដូចគ្នានឹងលោកណាខុននៅក្នុងរឿងនេះ ប៉ុន្តែចរឹករបស់លោកគឺនៅតែបានបង្ហាញនូវភាពសំបូរស្នេហ៍ និងមានចរឹកខូចបន្តិចនៅក្នុងខ្សែរឿងដដែល។ លោកថាត្រេមុខរបស់លោកបើសម្ដែងជាតួអង្គសុភាពគឺ មិនស៊ីនោះទេ ប៉ុន្តែក៏មិនមានន័យថាលោកសម្ដែងមិនបាននោះដែរ គឺ លោកគ្រាន់តែមានមាគ៌ាធ្វើឲ្យជោគជ័យលើតួសម្ដែងណាមួយឲ្យត្រូវនឹងទម្រង់មុខ និងភាពជោគជ័យដែលបានផ្ដល់ឲ្យដោយអ្នកគាំទ្រប៉ុណ្ណោះ។ លោកថាខ្សែរឿង«គំនុំខ្មោចក្រមុំទាំង៣» ជារឿងដែលលោកពិបាកសម្ដែង ដោយសារតែក្រុមផលិតករមានការសម្រិតសម្រាំងខ្លាំង ហើយឈុតឆាកដែលលោកបានសម្ដែងមួយប្លង់ៗភាគច្រើនត្រូវបានហ្វឹកហាត់ជាមុន។ លោកថារឿងនេះនឹងជួយឲ្យលោកលេចធ្លោរ ជាពិសេសគឺបន្ទាប់ពីរឿងទាំងមូលបានសម្ដែងសុទ្ធតែជាមួយតួអង្គធំៗដូចជាលោកណាខុន នាយចឺម និងតារាល្បីៗផ្សេងទៀត។ លោកក៏ត្រៀមបង្ហាញខ្លួនជាតួឯកនៅក្នុងរឿងថ្មីរបស់ផលិតកម្មបដិហារ្យភាពយន្តផងដែរ បន្ទាប់ពីការដាក់បញ្ចាំងរឿង«គំនុំខ្មោចក្រមុំទាំង៣» នៅថ្ងៃទី១៨ សីហាខាងមុខ៕
មតិយោបល់