ព័ត៌មានជាតិ

សម្បូរណាស់បច្ចុប្បន្ន រឿងភ្ញៀវចូលកោសជប់ហើយលួចលុយភ្ញៀវ!..

ភ្នំពេញៈ ករណីមួយបានកើតឡើងកាលពីវេលាម៉ោង៩ និង៣៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ករណីអំពើលួច (លួចយកលុយ) នៅចំណុចក្នុងផ្ទះម៉ាស្សាគ្មានយីហោ ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យដែលធ្វើ ការឃាត់ខ្លួនមានចំនួន២នាក់ ទី១-ឈ្មោះ កង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ លន់ សុភី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សា ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះខាងលើមានឈ្មោះ សុខ ឈឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិបន្ទាយរកា ឃុំក្រាំដីវាយ ស្រុកភ្នំស្រួច ខេត្តកំពុង់ស្ពឺ ។ សម្ភារៈដែលដកហូតបានគឺលុយដុល្លាចំនួន៦០០ដុល្លារបានប្រគល់ឲ្យជនរងគ្រោះវិញ។

តាមប្រភពព័ត៌មានមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពីខេត្តកំពង់ស្ពឺ មកលេងផ្ទះបងប្អូននៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយមានអាការៈមិនសូវស្រួលខ្លួន ជនរងគ្រោះបានចូលទៅកន្លែងម៉ាស្សាកោសជប់នៅចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងកោសខ្យល់ បានឃើញមនុស្សស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ កំពុងឈរក្បែរខោរបស់ជនរងគ្រោះដែលដាក់ព្យួរនៅក្បែរទ្វារជាប់ជញ្ជាំងរួចចេញទៅបាត់ ដោយមានការសង្ស័យជនរងគ្រោះបានក្រោកមកលើលុយក្នុងហោប៉ៅខាងក្រោយ មានចំហឡេវខោបាត់លុយដុល្លារពិតចំនួន៦០០ដុល្លារ ហើយឃើញមានលុយសែនក្រដាស ១០០ដុល្លារ ចំនួន៦ស្លឹក (៦០០ដុល្លាលុយសែន) នៅក្នុងហោប៉ៅខោ រួចជនរងគ្រោះបានមកប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីសុំជួយអន្តរាគមន៏។ បន្ទាប់មកសមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ ក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចំណែកជនដៃដល់គេចខ្លួន ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់