ព័ត៌មានជាតិ

ប្រកែកគ្នារឿងភ្ជួរដីចាំកូនស្វាយចន្ទី ចូលដីគ្នា រហូតគាំងបេះដូងដាច់ខ្យល់ស្លាប់!..

កំពង់ធំៈ កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ខ្យល់គស្លាប់ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សពជនរងគ្រោះមានឈ្មោះ ហ៊ូ ភ័ណ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

តាមការបំភ្លឺរបស់ឈ្មោះ គីម ធី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ធ្វើស្រែ ត្រូវជាប្ដីបានបំភ្លឺថា នៅថ្ងៃទីកើតហេតុវេលាម៉ោងប្រហែល ៧និង៣០នាទី ជនរងគ្រោះកូនៗចំនួន៦នាក់ និងអ្នកភូមិ៤នាក់ទៀតបាននាំគ្នាទៅចម្ការនៅតំបន់ត្រពាំងក្ដា ចំងាយប្រហែល ៣គ.ម ខាងលិចភូមិខ្វាន់ទៀង ដើម្បីទៅមើលត្រាក់ទ័រភ្ជួរដីចាក់រងដាំកូនស្វាយចន្ទី លុះដល់ម៉ោងប្រហែល៣ ស្រាប់តែឃើញឈ្មោះ អឿ ប៊ុនលាង ភេទប្រុស នៅភូមិជាមួយ បានមកឃាត់មិនឲ្យត្រាក់ទ័រភ្ជួរទេ ដោយប្រាប់ថាភ្ជួរចូលដីគាត់ហើយ ពេលនោះប្រពន្ធរបស់គាត់បានប្រកែកគ្នាជាមួយឈ្មោះ លាង ហើយឈ្មោះ លាង ថែមទាំងបានយកម៉ែត្រមកទាញវាស់ដីនោះជាមួយកូនប្រុសរបស់ខ្លួន និងបានប្រកែកសម្តីគ្នាខ្លាំងៗ តែមិនមានវាយតប់គ្នាទេ ក្រោយពីប្រកែកគ្នាហើយឈ្មោះ លាង ក៏ដើរចេញទៅ ស្រាប់តែខ្ញុំបាទឃើញជនរងគ្រោះដួល ឃើញដូចនោះខ្ញុំបាទក៏រត់ទៅបី យកទៅសង្គ្រោះនៅមណ្ឌលសុខភាពសាលាវិស័យ តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ និងប៉ុស្ដិ៍ន.បសាលាវិស័យ បានចុះដល់ កន្លែងកើតហេតុ និងបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។
មូលហេតុៈ ខឹងខ្លាំងពេក ទើបបណ្ដាលគាំងបេះដូង។
សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់