ភ្នំពេញៈ បុគ្គលិកបម្រើការងារក្នុងផ្សារម៉ាក្រូម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តកុងតៃន័របើកចូលទៅដាក់អីវ៉ាន់ ហើយជ្រុលទាក់ដំបូលសំយ៉ាប អាគារ បាក់ធ្លាក់សង្កត់លើ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅបរិវេណផ្សារម៉ាក្រូ ស្ថិតនៅតាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវបានខាងអ្នកគ្រប់គ្រងផ្សារ ជម្រុញឲ្យអ្នកសារពត៌មាន លុបរូបភាពចោលឲ្យអស់ ទើបអនុញ្ញាតឲ្យចេញវិញ និងព្យាយាមយកកំណាត់ ទៅបិទបាំង កន្លែងបាក់ធ្លាក់ ។
តាមប្រភពមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកុងតៃន័រមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-1981 របស់ក្រុមហ៊ុនផែស្ងួត តេងឡាយ ដឹកអីវ៉ាន់ យកទៅទម្លាក់ដាក់នៅផ្សារខាងលើ ហើយពេលដែលរយ៉ែរថយក្រោយ ដើម្បីដាក់អីវ៉ាន់ចុះ តែចូលមិន ទើបបើកទៅមុខវិញ បែរជាទាក់សំយ៉ាបអាគារផ្សារ ធ្លាក់មកសង្កត់លើ បុរសម្នាក់ជាបុគ្គលិក បម្រើការងារនៅទៅនោះ រងរបួសធ្ងន់ ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ឈ្មោះ សុខ កាន ភេទប្រុស អាយុជាង៥០ឆ្នាំ របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
ក្រោយពីជួបនូវឧប្បត្តិហេតុខាងលើ សមត្ថកិច្ច អ្នកសារព័ត៌មានចុះទៅដល់កន្លែងកើតហេតុ ហើយខណៈដែលអ្នកសារព័ត៌មាន ចុះទៅយកពត៌មាន ថតរូបភាព ត្រូវបាន ខាងផ្សារ ជម្រុញឲ្យអ្នកសារព័ត៌មានលុបរូបភាពចោលទាំងអស់ ទើបអនុញ្ញាតឲ្យចេញវិញ រួចយកកំណាត់ក្រហម មកបិទបាំងសំប៉ាប ដែលបានកាច់ធ្លាក់មកនោះ ជៀសវាងអ្នកសារពត៌មានលួចថត ។
ដោយឡែកអ្នកបើកបររថយន្ត ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចឃាត់នាំទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខផងដែរ ៕
មតិយោបល់