កណ្តាលៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា គ.ស២០១៨ នៅចំណុចក្នុងស្រះទឹកក្រោយផ្ទះឈ្មោះហួត ហេង ចម្ងាយប្រហែល១៧ម៉ែត្រ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ សុភា សុខស៊ីចន្ទ័ ភេទស្រី អាយុ៦ឆ្នាំ ជាសិស្ស មតេយ្យ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។ ឪពុកឈ្មោះ សុខ សោភា អាយុ៣៥ឆ្នាំ មានមុខរបរកសិករ និងម្តាយឈ្មោះ ជាង បូរ៉ី អាយុ៣៥ឆ្នាំ មុខរបរកសិករ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងទឹកក្នុងស្រះជាមួយឈ្មោះ ព្រួញ ពិសី ភេទស្រី អាយុ៤ឆ្នាំ និងឈ្មោះហឿន វត្តី ភេទស្រី អាយុ៥ឆ្នាំ ហើយក៏បានរអិលជើងធ្លាក់ចូលក្នុងទឹកជ្រៅលង់ទឹកតែម្តង ។ ភ្លាមនោះក្មេងស្រីទាំង២ទៀត ដែលទៅលេងជាមួយ ក៏បានរត់មកប្រាប់ឈ្មោះ ហៃ សៅ ភេទស្រីអាយុ ៥២ឆ្នាំ ឲ្យជួយហើយឈ្មោះហែ សៅ ក៏បានទៅប្រាប់ឈ្មោះសុខ សោភា ត្រូវជាឪពុករបស់ជនរងគ្រោះឲ្យដឹងរួចក៏រត់ទៅរាវក្នុងទឹកស្រះពេលឃើញហើយ ក៏កូនយកមកផ្ទះ រួចយកបន្តទៅមន្ទីរពេទ្យស្រុកស្អាង ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ក្មេងបានស្លាប់ទៅហើយ រួចយកមកផ្ទះវិញ រួចរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ។
ក្រោយពីទទួលបានព័ត៌មានរួចហើយ កម្លាំងនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានសហការជាមួយ កម្លាំងជំនាញបច្ចេកទេសស្រុក មានលោកមេភូមិ លោកប្រធានមណ្ឌលសុខភាពឃុំ បានពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេឡើយ។
ក្រោយពេលពិនិត្យសពរួចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់