បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាព ចាប់បង្ខំក្មេងស្រី ដែលមានអាយុ១៣នាក់ ២នាក់ ឲ្យប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ និងល្បួងយកទៅរំលោភពីខេត្តបន្ទាយមានជ័យ ដល់ខេត្តបាត់ដំបង បានសម្រេច កាលពីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ ឈ្មោះ គ.គ.យ ភេទស្រី អាយុ១៣ឆ្នាំ និងអាណាព្យាបាលយុវតីម្នាក់ទៀត អាយុ១៣ឆ្នាំ បានប្តឹងយុវជនឈ្មោះ សោម សុវណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទរំលោភលើកូនស្រីរបស់ខ្លួនដែលមិនទាន់គ្រប់អាយុ។ ដោយយោងតាមពាក្យបណ្តឹងកម្លាំងអាវុធហត្ថ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងបក្ខពួកម្នាក់ទៀតឈ្មោះ មឿន គា។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់ បាននាំគ្នាទៅទិញកាបូបរៀន នៅផ្សាររាត្រីពេលដើរដល់រង្វង់មូលស្រីគ្រប់លក្ខណ៍ ក៏ជួបជាមួយជនសង្ស័យឈ្មោះ សោម សុវណ្ណា ក្រោយពីធ្វើការជជែកគ្នា ហើយឈ្មោះ សោម សុវណ្ណា បាននាំជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ដោយជនសង្ស័យជាមិត្តភក្ដិឈ្មោះ មឿន គា បានជួលផ្ទះសំណាក់ជាស្រេច ហើយជនសង្ស័យទាំង២នាក់ បានទិញថ្នាំញៀន យកមកប្រើប្រាស់ទាំងអស់គ្នា ក្រោយពីប្រើប្រាស់ថ្នាំញៀន ហើយ ក៏លួងលោមក្មេងស្រីរួមរ័ក្សរហូតបានសម្រេចទាំង២នាក់។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់ បានគេចខ្លួនទៅខេត្តបាត់ដំបងបាត់។ ក្រោយពីទទួលបានពាក្យបណ្តឹងហើយនោះ ទើបកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការជាមួយអាវុធហត្ថខេត្តបាត់ដំបង ចុះស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានជាបន្ត បន្ទាប់រួចបញ្ជូនមកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែម្ដង។
នៅមុខអាវុធហត្ថជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានញ៉ុះញង់ឲ្យក្មេងស្រីរងគ្រោះទាំង២នាក់ ប្រើប្រាស់គ្រឿងញៀន និងបង្ខំឲ្យរួមភេទពិតប្រាកដមែន។
ក្រោយការឃាត់ខ្លួននិងតាមចម្លើយសារភាពក៏ដូចជាពាក្យបណ្តឹងអាណាព្យាបាលក្មេងរងគ្រោះក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ ទាំង២នាក់ ត្រូវបាននគរបាលយុត្តិធម៌ នៃការិយាល័យ អាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការចោទប្រកាន់បីបទល្មើស ១.ពីបទនាំចេញដោយមិនស្របច្បាប់នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស ២.ពីបទបង្ខំឲ្យរួមភេទលើអនីតិជនក្រោម១៥ឆ្នាំ និងទី៣.ពីបទញ៉ុះញង់ឲ្យប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី៥ វិច្ឆិកា នេះ៕
មតិយោបល់