ព័ត៌មានជាតិ

សង្ស័យងោកមួយភាំង បើករថយន្តស្ទូចពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់៣កង់

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងមិត្តភក្តិម្នាក់ទៀត បើករថយន្តស្ទូច មួយគ្រឿងសង្ស័យងោកមួយភាំង ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាបាក់អស់ចំនួន៣កង់ រថយន្តបង្កដាច់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបរតន:ស្រីម៉ៅ តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក តាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងមិត្តភក្តិម្នាក់ទៀត បើករថយន្តស្ទូចមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9868 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកងោកមួយភាំងបណ្តាលឲ្យរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន៣កង់។ រថយន្តបង្កដាច់កាឡែកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនោះតៃកុងនិងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់