ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូដឹកមាន់មិនប្រយ័ត្នរអិលត្រូវរថយន្ដដឹកស៊ីទែនសាំងរបស់ កម្ពុជាតេលា មកពីក្រោយជាន់ហ្វ្រាំងបង្ខំក្រឡាប់សង្កត់ម៉ូតូអូសម៉ូតជាង១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃអង្គារ៍១៥កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.គ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ត្រង់ចំណុចលើផ្លូវ២០A ខាងលិចផ្ទះលក់ភេសជ្ជៈ ធារ៉ាត់ កូពី ស្ថិតនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្ដសញ្ញាណនោះទេ ។ ចំណែកតៃកុងរថយន្ដសណ្តោងស៊ីទែនមានឈ្មោះ រស់ អៀងលី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ដែលពាក់ស្លាកលេខកណ្ដាល1k-3356 ធ្វើដំណើក្នុងទិសពីលិចទៅកើតដោយដឹកមាន់ លុះមកដល់កន្លែងកើតហេតុក៏បានរអិលដួលភ្លាមៗនោះក៏មានរថយន្ដស៊ីទែនប្រេងរបស់ក្រុមហ៊ុន កម្ពុជា តេលា មកពីក្រោយក្នុងល្បឿនលឿន ស្រាប់តែមកដល់កន្លែងកើតហេតុបានជាន់ហ្វ្រាំងទាំងបង្ខំបណ្ដាលឲ្យរថយន្ដក្រឡប់សង្កត់ទៅលើម៉ូតូជនរងគ្រោះអូសជាង១០ម៉ែត្របណ្ដាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ដោយឡែកតៃកុងរថយន្ដបានចុះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍គងណយធ្វើការឃាត់ខ្លួនបានភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បាន ទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយក ម៉ូតូនិង រថយន្ដ ស៊ីទែនសាំង ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រោយគ្នាពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះត្រូវរថយន្ដសាម៉ុយដឹកយកទៅតម្កល់នៅវត្ដសំបួរ រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/MD3vVts27QQ
មតិយោបល់