ព័ត៌មានជាតិ

ICC យល់ព្រមស៊ើបអង្កេតជាផ្លូវការលើសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតើតេ តែហ្វីលីពីនថានឹងមិនសហការឡើយ

(ម៉ានីល)៖ ចៅក្រមនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃពុធសប្ដាហ៍នេះបានអនុម័តហើយលើការស៊ើបអង្កេតជាផ្លូវការមួយជុំវិញការចោទប្រកាន់ពី បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តឡើងនៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន តុលាការ ICC បានឱ្យដឹងទៀតថាក្រុមចៅក្រមបានអនុម័តលើសសំណើរមួយដែលស្នើឡើងដោយរដ្ឋអាជ្ញា ICC ផ្ទាល់ឱ្យមានការ ស៊ើបអង្កេតរកការពិតថាតើការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលការ ក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ គឺជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ បើតាមការវាយតម្លៃរបស់ក្រុមរដ្ឋអាជ្ញា ICC សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀននេះមិនមានលក្ខណៈជាការអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ តែអាចជា ការវាយប្រហារជាលក្ខណៈប្រព័ន្ធប្រឆាំងជនស៊ីវិល។

ប៉ុន្តែ រដ្ឋាភិបាលហ្វីលីពីននឹងមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ ប្រព្រឹត្តិឡើងនៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ។

លោក Salvador Panelo ជាអ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថារដ្ឋាភិបាលហ្វីលីពីននឹងមិនធ្វើ កិច្ចសហប្រតិបត្តិការ ជាមួយ ICC ឡើយ ហើយក៏នឹងមិនអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេត ICC ចូលមកក្នុងប្រទេសហ្វីលីពីននោះដែរ។ «គោលជំហររបស់ លោកប្រធានាធិបតីគឺមិនផ្លាស់ប្ដូរ ទេ…ICC គឺពុករលួយ ហើយនីតិវិធីនៅក្នុងសំណុំរឿងនេះគឺបានបំពានលើរដ្ឋធម្មនុញ្ញរបស់យើងហើយថែមទាំងបំពានលើ លក្ខន្តិកៈទីក្រុងរ៉ូមរបស់ខ្លួនទៀតផង»។ នេះជាការបន្ថែមរបស់លោក Salvador Panelo។

គួរបញ្ជាក់ថា នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ប៉ូលិសហ្វីលីពីនបានបាញ់សម្លាប់មនុស្សច្រើនជាង ៦,១០០នាក់ដែលពួកគេសង្ស័យជាឧក្រិដ្ឋជនជួញដូរ គ្រឿងញៀន។ តែលោក ឌូតើតេ ក៏នៅតែអះអាងដែរថាអ្វីដែលលោកកំពុងធ្វើគឺដើម្បីអនាគត់អ្នកជំនាន់ក្រោយរបស់ហ្វីលីពីន៕

ប្រភព៖​​​​​​​ AFP

មតិយោបល់