ភ្នំពេញៈ បុរសជាអ្នករើសអេតចាយម្នាក់ដោយសារភ្លើងប្រចណ្ឌប្រពន្ធខណៈដែលឃើញប្រពន្ធនៅមួយអ្នកប្រុសផ្សេងហើយបានទិញសាំងកន្លះលីត្រដុតខ្លួនឯងឆេះសន្ធោសន្ធៅ ត្រូវបានអ្នកជិតខាងជួយពន្លត់ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតរយៈពេល៦ថ្ងៃក៏បានស្លាប់តែម្តង។
ហេតុការណ៍ដុតខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច៥ខ្នង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលដុតខ្លួនឯងនោះមានឈ្មោះ ហឹម វាសនា អាយុ២៦ឆ្នាំមុខរបរ រើសអេតចាយ មានប្រពន្ធឈ្មោះ ហ៊ុ ធី អាយុ២៤ឆ្នាំ មុខរបរ បម្រើហាងខារ៉ាអូខេ មានកូនតូចៗប្រុសស្រី៣នាក់ ប្រុស២ស្រី១ អ្នកទាំងអស់គ្នាស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកដោយប្តីស្រលាញ់ប្រពន្ធពេកក៏បានស្នើរប្រពន្ធឲ្យឈប់សម្រាកពីការងារជានារីបម្រើខារ៉ាអូខេតទៀតទៅ ដោយរូបគេសន្យាថានិងខិតខំដើររើសអេតចាយយកលុយមកចិញ្ចើមប្រពន្ធនិងកូនតែស្ត្រីជាប្រពន្ធមិនព្រមឈប់តាមប្តីស្នើសុំនោះឡើយ។
ប្រភពបានបន្តទៀតថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ធបានចេញពីផ្ទះបាត់បុរសជាប្តីបានត្រឡប់មកពីរើសអេតចាយបានរៀបចំអេតចាយរើសច្រកបាវយកទៅលក់ក៏ជួបស្ត្រីជាប្រពន្ធជិះម៉ូតូជាមួយអ្នកផ្សេងជាបុរសបន្ទាប់ពីលក់អេតចាយរួចបានត្រឡប់មកផ្ទះវិញក៏កើតជាភ្លើងប្រចណ្ឌរោលរាលពេញខ្លួនក៏រត់ទិញសាំងកន្លះលីត្រមកចាក់ស្រោចត្រឹមកចុះក្រោមយកដែកកេះដុតខ្លួនឯងឆេះសន្ធោសន្ធៅពេញខ្លួនហើយត្រូវបានអ្នកជិតខាងឃើញនាំគ្នាយកទឹកជះពន្លត់នៅតែមិនរលត់ក៏បាននាំគ្នាលើកសែងដាក់ទៅក្នុងពាងទឹកពេញទើបរលត់អស់។
ហើយភ្ញាក់ផ្អើលដល់សមត្ថកិច្ចក៏បានហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែតរយៈពេល៦ថ្ងៃរហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៨ដោយជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់តែម្តង។
បច្ចប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តជោត្តមង្គលហៅវត្តព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ៕
មតិយោបល់