ព័ត៌មានជាតិ

ខឹងនាងសុំទៅនៅជាមួយ រឹតកសម្លាប់ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន!…

សៀមរាបៈ កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចនិយាមការ(៤៧. ៨៣៥-៣៨. ៩៥០) ខាងត្បូងជាប់ជើង(ភ្នំស្រីស្នំ)ចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅខាងកើត ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីឃាតកម្ម បង្កឡើយដោយជនសង្ស័យឈ្មោះ ម៉ៅ សុថៃ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ពុំស្គាល់ភូមិ/ឃុំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ បើកបររថយន្ត កងវិស្វកម្មក្រសួងការពារជាតិដឹកដី នៅការដ្ឋានធ្វើផ្លូវ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប(រត់គេចខ្លួន) បានធ្វើសកម្មភាពរឹតក ជនរងគ្រោះ(ត្រូវជាសង្សារ)ឈ្មោះ ស៊ុន ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ទីកន្លែងកំណើត ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ នារីបម្រើការខារ៉ាអូខេ យីហោ (កំសាន្តរីករាយ) បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យបានយកសពទៅចោលនៅចំណុចខាងលើ។

មូលហេតុជនសង្ស័យ ខឹងនឹងជនរងគ្រោះសុំទៅនៅជាមួយ ពីព្រោះជនសង្ស័យត្រូវផ្លាស់ប្ដូរការដ្ឋានទៅធ្វើនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជយ័។
នៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦និង១០នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត សៀមរាប ចំនួន៤នាក់ រថយន្ត១គ្រឿង ដឹកនាំដោយលោក វរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ១៦៩/២០១៨ ចុះថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៨ ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង ដោយមានការ សម្របសម្រួលដោយ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ៅ សុខថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើករថយន្តកងវិស្វកម្មលេខ១៧៨ ជាតិខ្មែរ ទីកន្លែងកំណើតនៅ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុច ក្រុមហ៊ុន ស្រ៊ុនមុំ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី៕

មតិយោបល់