ព័ត៌មានជាតិ

អ្នករត់ការបរាជ័យ ក្នុងការជួយសង្គ្រោះមេកន្ទុយលេខដុះស្លែ២នាក់ ប្រចាំខណ្ឌឬស្សីកែវ!

ភ្នំពេញៈ យោងតាមការបញ្ជាក់ របស់សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវ បានឲ្យដឹងថា ស្ត្រីជាមេកន្ទុយលេខ ដុះស្លែ ដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការនោះ ត្រូវបាន ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។

បើតាមសមត្ថកិច្ច លោក ចែ សុង ដែលជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចោទប្រកាន់ លើទី១ឈ្មោះ បុទម ស្រីនុច ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មេកន្ទុយលេខ និងទី២ឈ្មោះ ហ្គេច ជូ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ កន្ទុយលេខ ពីបទ បើកកន្លែងលែងល្បែងស៊ីសងខុសច្បាប់ យោងតាមមាត្រា ៥ នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងសង។

សមត្ថកិច្ច ឲ្យដឹងបន្ថែមថា សំណុំរឿងរបស់ស្ត្រីមេកន្ទុយលេខវៀតណាម ទាំង២នាក់នេះ មានក្រុមអ្នករត់ការ អន្តរាគមន៍ ឲ្យតុលាការ ដោះលែងជាច្រើននាក់ រួមមាន សមត្ថកិច្ច និងអ្នកកាសែតជាន់ខ្ពស់ប្រចាំតុលាការផងដែរ។ ដោយសារតែ ក្រុមអ្នករត់ការ មិនចុះសម្រុងគ្នាល្អ ក៏ធ្វើឲ្យរឿងនេះ ត្រូវតុលាការ រុញទៅឃុំខ្លួនសិន ដោយរង់ចាំ សម្របសម្រួល ដោះលែងឲ្យនៅក្រៅឃុំនាពេលក្រោយវិញ។

សូមជម្រាបជូនថា កម្លាំងនគរបាលអធិការដ្ឋានខណ្ឌឫស្សីកែវ បានឃាត់ខ្លួន ស្ត្រីទាំង ២នាក់ខាងលើ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅ ២ទីតាំងផ្សេងគ្នា ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

នៅពេលចុះបង្ក្រាបនោះ សមត្ថកិច្ចដកហូតបានសម្ភារដូចជា ៖
-ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ
-ប៊ិចចំនួន ៣ដើម
-ម៉ាស៊ីនគិតលេខចំនួន ១គ្រឿង
-ប្រាក់ចំនួន ១០៤,៣០០ រៀល៕

មតិយោបល់