ព័ត៌មានជាតិ

កុំតែមេប៉ុស្តិ៍ការពារតុលាការចាប់ជាប់កុំអីរត់បាត់ ប្រហែសណាស់ នគរបាលចំការមន!

ភ្នំពេញៈ ជនសង្ស័យជាចោរលួច ទូរសព្ទម្នាក់ ដែលត្រូវសមត្ថកិច្ចខណ្ឌចំការមនបញ្ជូនទៅកាន់តុលាការ បានលួចរត់ ខណៈកំពុងអង្គុយរង់ចាំ ព្រះរាជអាជ្ញាសួរចម្លើយ នៅជាន់ទី២ នៃអគារសាលាដំបូងរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច ជនសង្ស័យដែលលួចរត់នោះមានឈ្មោះ ចក់ ធឿន ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានចាប់ខ្លួនមកវិញ ក្រោយពីរត់គេចខ្លួន ប្រមាណជាជិត ១ម៉ោង។

លោក ហង្ស វិរៈ ជាប្រធានក្រុមគោលដៅការពារ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបាន បទបញ្ជាពីលោក កោ វណ្ឌី អនុប្រធានតុលាការក្រុងភ្នំពេញ ឲ្យសហការជាមួយ នគរបាលខណ្ឌចំការមន ជួយស្វែងរកចាប់ខ្លួន ជនសង្ស័យខាងលើ ទើបលោកបាន ខិតខំប្រឹងប្រែង ស្រាវជ្រាវរហូត ឈានដល់ចាប់ខ្លួនជនសង្ស័យ មកវិញបាន។

លោក ហង្ស វិរៈ បានបន្ថែមថា ក្នុងនាមលោក ជាប្រធានក្រុមគោលដៅការពារ សាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងរបស់លោកទាំងអស់ ប្រឹងប្រែង សហការ ជានិច្ចជាមួយ បងប្អូន សមត្ថកិច្ច មកពីតាមបណ្តាខណ្ឌនានា ដើម្បីការសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅលុបបំបាត់ឲ្យអស់នូវជនល្មើសដែលបង្កភាព អនាធិបតេយ្យក្នុងសង្គមជាតិ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ ទៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមនវិញ រង់ចាំចាត់ការតាមច្បាប់ជាបន្តទៀត៕

មតិយោបល់