ព័ត៌មានជាតិ

អីយ៉ាស់ប៉ះស្រីស្អាត! ឃាត់ខ្លួនស្ត្រី២នាក់ ពាក់ព័ន្ធនឹងករណីល្បែងស៊ីសង ដកហូតបានបៀជាច្រើនហ៊ូ

ភ្នំពេញ: សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង(ប្រភេទបៀ) ដោយសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសំណង់មិនរៀបរយមួយកន្លែង តាមបណ្តោយផ្លូវរថភ្លើង ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមានទី១-ឈ្មោះ ទន់ ណេង ហៅពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ (អ្នកលេង) ស្នាក់នៅផ្ទះលេខ៥៦៥ ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងទី២-ឈ្មោះ ម៉ី រស្មី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ (អ្នកលេង) ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាប្រតិបត្តិការនេះ គឺដោយមានការសម្របសម្រួលពីសំណាក់លោក វង្ស ប៉ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំង មួយកន្លែងនៅតាមបណ្តោយផ្លូវរថភ្លើង ជាទីកន្លែងដែលលួចលាក់បើកលេងល្បែងស៊ីសងខុស (ប្រភេទបៀ) ដោយប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងបានដកហូត បៀចំនួន១០ហ៊ូរ,ម៉ាស៊ីនគិតលេខចំនួន១,ប្រាក់ចំនួន១១៥,០០០រៀល ,ទូរសព្ទដៃម៉ាក Huawri ពណ៌ខ្មៅ ចំនួន មួយគ្រឿង និងកាបូបដៃពណ៌ខ្មៅចំនួនមួយ នៅក្នុងនោះមានអត្តសញ្ញាណបណ្ណ័កូពី មួយសន្លឹក នឹងកាត ATMឈ្មោះ ប៉ុន សុផាតចំនួនមួយ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើរួចមក សមត្ថកិច្ចយើងបាននាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់