ព័ត៌មានជាតិ

មេឃភ្លៀងជិះម៉ូតូលឿនពេក បុកពីក្រោយរថយន្តស៊េរីទំនើប៥៧០ ស្លាកលេខភ្នំពេញ2AO-8898 ចតស្ងៀម ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ: យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅក្រោមតំណក់ភ្លៀង និង២នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿនមេឃកំពុងភ្លៀងបានវាក់អើ នឹងរថយន្តមួយគ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង។

ហេតុការណ៍ដ៏រន្ធត់មួយនេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងលិចភោជនីយដ្ឋានជួបគ្នាសំលាញ់ ប្រមាណជា៣០ម៉ែត្រ តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណបណ្ណនៅឡើងទេ។ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-9800 ជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង ខណ:មេឃកំពុងធ្លាក់ភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើបានវាក់អើនឹងរថយន្តមួយគ្រឿងម៉ាកឡិចសុីស LX570 ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-8898 ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវ ស្របទិសដៅគ្នាពីជើងទៅត្បូងពីក្រោយផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលយុវជនម្នាក់អង្គុយនៅខាងក្រោយមិនពាក់មួកសុវត្ថិភាពបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបើកនិងអ្នកអង្គុយនៅចំកណ្តាលបានពាក់មួកសុវត្ថភាពបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនចាស់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់