ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានធ្វើការឡោមទ័ព្ធ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះ៤៥៤E0 ក្បែរនិងស្តុបទេពផន តាមបណ្តោយផ្លូវម៉ោសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ រួមទាំងមានកម្លាំងសមត្ថកិច្ចមូដ្ឋានជាច្រើនម៉ូតូទៀត ជិះដេញតាមពីក្រោយ រហូតមកដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរនាក់នោះ ក៏បានឈប់ម៉ូតូ ហើយជនសង្ស័យម្នាក់ ក៏បានរត់គេចខ្លួនឡើងទៅខាងលើផ្ទះកើតហេតុនោះបាត់។ ចំណែកឯជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនភ្លាម រួចក៏ឌុបតាមម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ ក៏បានធ្វើការឡោមព័ទ្ធ និងដើររុករកជនសង្ស័យម្នាក់ ដែលបានរត់ឡើងផ្ទះកើតហេតុខាងលើ អស់រយៈពេលប្រមាណជាកន្លះម៉ោង ទើបរកឃើញជនសង្ស័យខាងលើ ដែលសង្ងំកៀនជណ្តើរ ហើយកម្លាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនភ្លាមតែម្តង។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងពួកគាត់ បានជិះម៉ូតូល្បាតដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចក្បែរនិងផ្សារមាន់អាំង តាមបណ្តោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសម្នាក់ ដែលកំពុងដើរតាមបណ្តោយផ្លូវ៥៩២ បានសម្រេច ហើយជនសង្ស័យទាំងពីនាក់ បានជិះរត់គេចខ្លួន ភ្លាមនោះ សមត្ថកិច្ចបានធ្វើការជិះដេញតាមពីក្រោយ រហូតមកដល់ចំណុចកើតហេតុ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះបាន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំយកទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់