ព័ត៌មានជាតិ

សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនចោរគាស់ទ្វារថយន្តលួចអីវ៉ាន់ ២នាក់ ទៅតុលាការ

ភ្នំពេញ: ក្រុមចោរលួចសម្ភារក្នុងរថយន្ត ២នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៨នេះ។

បើយោងតាមសមត្ថកិច្ច ជនសងស្ស័យទី១ឈ្មោះ ចាន់ ស៊ីថា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នកដើរគាស់ទ្វារថយន្តដែលម្ចាស់ចតចោល និងទី២ឈ្មោះ ចាន់ សុធារី ភេទប្រុស អាយុ ៣៤ឆ្នាំ ជាអ្នករងចាំយកសម្ភារដែលលួចបានទៅលក់។

ជនសង្ស័យទាំង ២នាក់ខាងលើ មានទីលំនៅ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជាវ វិបុល បានដឹកនាំកម្លាំងស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យទាំង ២នាក់ខាងលើ ជាបន្តបន្ទាប់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ខណ:ដែល ពួកគេយកទូរស័ព្ទ ទៅលក់នៅផ្សារឃ្លាំងរំសេវ។

សូមជម្រាបជូនថា ក្រុមជនសង្ស័យ បានលួចសម្ភារ នៅក្នុងរថយន្តរបស់ជនរងគ្រោះ រួមមាន ទូរស័ព្ទដៃទំនើបចំនួន ២គ្រឿង និងលុយមួយចំនួន កាលពីយប់ថ្ងៃទី៣១ ខែមុថិនា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលេខ៩៧ ក្បែរភោជនីយដ្ឋានផ្ទះអង្គរ២ ភូមិបឹងត្របែកខាងត្បូង សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

នៅពេលឃើញរថយន្តជនរងគ្រោះ ចតរថយន្តចោលមុខផ្ទះ ក្រុមជនសង្ស័យបាន បើករ៉ឺម៉កកង់បី ទៅឈប់អែបនោះ ធ្វើសកម្មភាពគាស់ទ្វារថយន្តជនរងគ្រោះលួចយកអីវ៉ាន់តែម្តង។

សមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនដែលមានរថយន្តទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះសម្ភារមានតម្លៃ ដែលទុកចោលក្នុងរថយន្ត ព្រោះវាអាចជាឱកាសល្អរបស់ក្រុមចោរ៕

មតិយោបល់