ជម្លោះនៅសមុទ្រចិនខាងត្បូង៖ លោក Mattis ថា ចិនកំពុងបំភិតបំភ័យប្រទេសជិតខាង

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា ក្រុងប៉េកាំង កំពុងដាក់ពង្រាយមីស៊ីល នៅដែនទឹកកំពុងមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដើម្បីបំភិតបំភ័យ និងដាក់គំនាបដល់បណ្ដាប្រទេសជិតខាងរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅប្រទេសសិង្ហបុរី លោក Mattis បាននិយាយថា សកម្មភាពរបស់ក្រុងប៉េកាំងនៅពេលនេះ បានធ្វើឲ្យមានការចោទជាសំណួរ អំពីគោលដៅដ៏ធំរបស់ពួកគេ។

ដោយទ្បែកលោក Mattis ក៏បានលើកទ្បើងអំពីបញ្ហាកងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរថា វាមិនបានស្ថិតនៅលើតុចរចា នៃជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាថ្ងៃទី១២ ខែមិថុនានោះទេ។

ខណៈរូបលោកបានអះអាងថា គោលបំណងចម្បងរបស់អាមេរិក សម្រាប់ជំនួបកំពូលនោះ គឺចង់បញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។

សូមជំរាបថា បច្ចុប្បន្ននេះ អាមេរិកមានទាហានប្រហែល ២៨,៥០០ នាក់ ដែលមានមូលដ្ឋានឈរជើង នៅប្រទេសកូរ៉េខាងត្បូង៕

មតិយោបល់