ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនអ្នកជំងឺក្រីក្រ ស្ត្រីទើបសម្រាលកូន អ្នកជំងឺទូទៅ សរុបចំនួន២២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមិថុថា ឆ្នាំ២០១៦ ។
លោកស្រីអគ្គលេខាធិការរងទី១ បាននាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធាន តែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេស មិនរើសអើង មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
លោកស្រី ម៉ែន នារីសោភ័គ លេខាធិការ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលតែងតែយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌ល្អ និងវិជ្ជាជីវៈ។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនអ្នកជំងឺទាំង២២០នាក់ ក្នុងម្នាក់ៗទទួលបាន មី ត្រីខ ទឹកដោះគោខាប់ ស្ករស មុង ភួយ សារុង ក្រមា និងថវិកាចំនួន១០មុឺនរៀល៕
មតិយោបល់