ព័ត៌មានជាតិ

ថ្មីទៀតហើយ! ប្អូនថ្លៃវាយបងថ្លៃរហូតដល់ស្លាប់

ភ្នំពេញៈ បុរសជាម្នាក់បានផឹកស្រាស្រវឹងយ៉ាងជោកជាំ បន្ទាប់មកបានស្រែកជេរម្ចាស់ផ្ទះជួលដែលខ្លួនស្នាក់នៅ ហើយត្រូវម្ចាស់ផ្ទះគម្រាមប្រុងវាយទៀតផង។ បន្ទាប់ពីអ្នកជិតខាងឃើញហេតុការណ៍បែបនេះក៏ទៅទះ១កំផ្លៀង ព្រោះខឹងបុរសនេះស្រែកឡូឡាជេរគេជេរឯង បន្ទាប់ពីទះកំផ្លៀងរួចជនដៃដល់បានចេញទៅបាត់។ បន្តិចក្រោយមកលេចមុខបុរសម្នាក់ទៀតដែលត្រូវជាប្អូនថ្លៃបុរសរងគ្រោះបានទៅដល់ ហើយបានឃាត់កុំឲ្យស្រែកឡូឡាជេរគេប៉ុន្តែជនរងគ្រោះមិនស្ដាប់ក៏ទាក់ពាក្យសម្ដីគ្នាបន្តិចបន្តួចហើយបុរសជាប្អូនថ្លៃក៏បានវាយរហូតដល់ដួលដេកនិងទាត់ធាក់ថែមរហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី និងស្លាប់ក្រោយម្ចាស់ផ្ទះជួលដឹកយកទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើឈ្មោះ សូត្រ សំ ហៅត្នោត អាយុ៤០ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី មានប្រពន្ធឈ្មោះ យឺន សារៀម អាយុ៣៧ឆ្នាំ មានមុខរបរលក់ដូរ សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើ។

នៅមុនពេលកើតហេតុបុរសរងគ្រោះ បានផឹកស្រាស្រវឹងជោកជាំហើយស្រែកជេរម្ចាស់បន្ទប់ជួល ពេលនោះម្ចាស់បន្ទប់ជួលក៏បានកាន់អំបោសជន្លរកវាយនឹងដេញចេញ។បន្ទាប់មកម្ចាសបន្ទប់រូបនោះក៏បានដើរចូលទៅផ្ទះវិញ ព្រោះជាប់រវល់មានមានភ្ញៀវមកលេងផ្ទះផង។

ប្រភពដដែលបានបន្តទៀតថាចំណែកជនរងគ្រោះបានទៅជេប្រពន្ធរបស់ខ្លួន បន្តទៀត ហើយខណៈនោះក៏មានបុរសម្នាក់ទៀតឈ្មោះ អ៊ុម ជ័យលក្ខ័ ដែលមានផ្ទះស្ថិតនៅជិតនោះដើរទៅទះមួយកំផ្លៀង។ព្រមទាំងស្រែកថាឈប់មកឡូឡានៅមុខផ្ទះអញទៀត ហើយក្រោយទះកំផ្លៀងជនរងគ្រោះរួចបុរសនេះក៏បានដើរចេញទៅបាត់។បន្ទាប់មកទៀតក៏មានបុរសម្នាក់ទៀតឈ្មោះ យឺន សំអូន អាយុប្រហែលជាង២០ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានមកដល់ក៏ស្ដីបន្ទោសឲ្យជនរងគ្រោះ រហូតឈានដល់ប្រើហិង្សារដោយវាយនឹងទាត់ធាក់យ៉ាងច្រើនទៅលើជនរងគ្រោះបណ្ដាលឲ្យដួលទៅលើដីសន្លប់បាត់ស្មារតីឈឹង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ឃើញដូចនោះប្រពន្ធនិងម្ចាស់បន្ទប់ជួលក៏បាននាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់ទៅកាន់ផ្ទះជួលវិញហើយពូខាងប្រពន្ធជនរងគ្រោះ ខលប្រាប់សាច់ញាតិជនរងគ្រោះដោយម្ដងប្រាប់ថាជនរងគ្រោះត្រូវរថយន្តបុកស្លាប់ លុះសាច់ញាតិទៅដល់បែរជាប្រាប់ថាជនរងគ្រោះធ្លាក់ពីលើកង់បីស្លាប់ទៅវិញ។ ដោយមានការសង្ស័យរហូតដល់វេលាព្រឹកថ្ងៃទី៤ ខែមិថុនា សាច់ញាតិជនរងគ្រោះបានប្ដឹងនគរបាលចុះទៅពិនិត្យជាក់ស្ដែង ហើយបានរកឃើញថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ដោយមានស្នាមជាំដាច់រយះនៅលើចិញ្ចើមមួយកន្លែង,ស្នាមជាំដាច់រយះនៅលើបបូមាត់ក្រោមចំហៀងខាងឆ្វេងមួយកន្លែង ,ស្នាមជាំហើមនៅត្រជៀកខាងឆ្វេងមួយកន្លែង,ស្នាមជាំកោសពងនៅចង្កេះខាងឆ្វេងមួយកន្លែង,និងគូទមានលាមកនឹងឈាម។

ហើយតាមការសន្និដ្ឋានគឺ៖ ស្លាប់ដោយការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរដោយការ (វាយសម្លាប់) បន្ទាប់មកនគរបាលបានហៅម្ចាស់ផ្ទះជួលម្នាក់និងអ្នកជួយជូនទៅពេទ្យម្នាក់ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរផងដែរ រីឯជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់