ព័ត៌មានជាតិ

កងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបចាប់ជនសង្ស័យ៥នាក់ និងថ្នាំញៀន១០កញ្ចប់រួមទាំងកាំភ្លើងខ្លី១ដើម

ភ្នំពេញ: កម្លាំងកងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោកអធិការខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើការស្រាវជ្រាវឈានដល់បើកប្រតិបត្តិការចុះបង្ក្រាប ចាប់ខ្លួនបាន៤នាក់ ស្រីម្នាក់ ហើយបន្តទៅចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត សរុប៥នាក់ ដកហូតបានវត្ថុតាង ថ្នាំញៀនចំនួនបាន១០កញ្ចប់ និងអាវុធខ្លី១ដើមផងដែរ។

ករណីខាងលើប្រតិបត្តិការកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័មានបានឲ្យដឹងថា ក្រោមបញ្ជារបស់លោក អធិការខណ្ឌពោធិ៍សែនជ័យ ធ្វើយ៉ាងណាកម្លាំងតាមបណ្តាជំនាញ ប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បង្កើនការបង្កា បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីរក្សានូវសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងកងអន្តរាគមន៍ខណ្ឌ ក្រោយពីស្រាវជ្រាវជុំវិញមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រង់ចំណុចខាងលើ និងមានកិច្ចសហការល្អ ជាមួយប្រជាពលរដ្ឋ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះបង្ក្រាបទីតាំងមួយកន្លែងនៅចំណុចខាងលើ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ស្រីម្នាក់ ថ្នាំញៀន ៦កញ្ចប់ សម្ភារ:ឧបករណ៍ជក់មួយចំនួន ហើយបន្តទៅចាប់ខ្លួនបានម្នាក់ទៀត ដកហូតបានថ្នាំញៀន៤កញ្ចប់ អាវុធខ្លី១ដើមផងដែរ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់