ព័ត៌មានជាតិ

យុវជនម្នាក់ ខឹងគេបើករថយន្តកៀរ រើសដុំថ្មគប់បែកកញ្ចក់!..

ភ្នំពេញៈ យុវជនម្នាក់បានចោទថារថយន្តធុនធំ១គ្រឿងបើកកៀរ ខណៈដែលខ្លួនកំពុងជិះកង់ ហើយដោយខឹងខ្លាំងពេកក៏បានរើសយកបានដុំថ្ម១ដុំគប់ចូលតាមទ្វារខាងស្ដាំសំដៅទៅលើអ្នកបើកបរ។ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យត្រូវអ្នកបើកបររូបនោះឡើយ ហើយដុំថ្មបានហោះទៅត្រូវកញ្ចក់មុខរថយន្តបណ្ដាលឲ្យបែក។ បន្ទាប់មកនគរបាលចរាចរណ៍ដែលប្រចាំការនៅគោលដៅរង្វង់មូលថ្នល់បំបែកចោមចៅចាប់ខ្លួនបានរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ចាត់ការតាមច្បាប់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខផ្សារចោមចៅ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនសង្ស័យខាងលើនេះមិនបាប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយ។ ចំណែករថយន្តដែលត្រូវជននេះគប់បណ្ដាលឲ្យបែកកញ្ចក់នោះម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង3A-1040 ដែលជារថយន្តដឹកម៉ូតូនិងបើកបរចេញពីខេត្តព្រះសីហនុមកដឹកម៉ូតូនៅក្រុមហ៊ុនតម្លើងម៉ូតូតាមផ្លូវវ៉េងស្រេង ហើយអ្នកបើកបរក៏មិនបានប្រាប់ឈ្មោះរបស់ខ្លួនឲ្យដឹងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនម្នាក់នេះបានជិះកង់១គ្រឿងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត។ ខណៈនោះស្រាប់តែរថយន្តខាងលើបើកបរក្នុងទិសដៅស្របគ្នាបានទៅដល់ ប្រុងកៀរយុវជនរូបនោះ ដែលជាហេតុធ្វើឲ្យជននេះខឹងសម្បារយ៉ាងខ្លាំង។បន្ទាប់មកបានជិះកង់តាមពីក្រោយរថយន្តបណ្ដើរនិងស្រែកជេរអ្នកបើករថយន្តបណ្ដើរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ខណៈរថយន្តកំពុងបើកយឺតៗប៉ុព្រោះផ្លូវស្ទះ ស្រាប់តែយុវជននេះរើសដុំថ្មគប់តាមទ្វារខាងស្ដាំនៃរថយន្តដែលចំហរកញ្ចក់សម្ដៅទៅអ្នកបើក ប៉ុន្តែដុំថ្មបានហោះទៅត្រូវកញ្ចក់មុខរថយន្តបណ្ដាលឲ្យបែក។

ប្រភពខាងលើបានបន្តថា ភ្លាមៗនោះជនដៃដល់ប្រុងជិះកង់រត់គេចខ្លួនប៉ុន្តែត្រូវបាននគរបាលដែលប្រចាំការនៅគោលដៅរង្វង់មូលថ្នល់បំបែកចោមចៅចាប់ខ្លួនបាន។ បន្ទាប់មកបានប្រគល់ទៅឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ៣សាកសួរនិងចាត់ការតាមច្បាប់ ហើយជនដៃដល់បាននិយាយថា មូលហេតុដែលខ្លួនគប់ទៅលើរថយន្តនោះព្រោះតែខឹងរថយន្តនេះបើកកៀរពេលដែលខ្លួនកំពុងជិះកង់ដោយមិនដឹងខ្លួន៕

មតិយោបល់