ព័ត៌មានជាតិ

Update៖ បាក់រលំបង្គោលភ្លើងសង្កត់លើរថយន្ត រងការខូចខាតយ៉ាងដំណំ ខណៈដែលមានខ្យល់បក់មួយប្រាវ!

​ភ្នំពេញៈ រថយន្តធន់តូចមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ ពេលដែលម្ចាស់បានចតទុកចោលខាងមុខផ្ទះ ហើយមានមេឃចង់ភ្លៀង និងមានខ្យល់បក់មួយប្រាវ បង្កឲ្យបាក់ដើមឈើ១ដើម និង បង្គោលភ្លើង១ដើមបាក់សង្កត់ជាប់ពីលើនោះ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅខាមុខផ្ទះលេខ៤៦២B3 ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តដែលរងការខូចខាតនោះមានម៉ាកSCION ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X-6612 ចំណែកឯម្ចាស់មានឈ្មោះ គាត វុទ្ធិ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ មុនពេលកើតហេតុ បុរសជាម្ចាស់បានយករថយន្តរបស់គាត់ទៅចត នៅខាងមុខផ្ទះរបស់គាត់ដូចសព្វមួយដង លុះមុនពេលកើតហេតុ ក៏ស្រាប់តែមេឃចង់ភ្លៀង និង មានខ្យល់បក់មួយប្រាវ យ៉ាងខ្លាំងនោះ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក៏ស្រាប់តែធ្វើឲ្យរលំដើមឈើមួយដើមដែលនៅ ក្បែរនោះដួលរលំ និងទាក់ខ្សែភ្លើងអូសបង្គោលភ្លើងមួយដើមដែលនៅមុខផ្ទះរបស់គាត់សង្កត់លើរថយន្តរជាប់ខាងក្រោម បណ្តាលឲ្យកំពិតផ្នែកខាងលើ បែកកញ្ចក់រងការខូចខាតយ៉ាងដំណំតែម្តង សំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និង អគ្គិសនីកម្ពុជាទៅដល់ ហៅរថយន្តមកស្ទូចបង្គោលភ្លើង ដើម្បីយករថយន្តចេញយកទៅធ្វើការជួសជុល និង កាត់ដើមឈើមួយដើមដែលដួលរលំនៅក្បែរនោះយកចេញផងដែរ តែគេនៅមិនទាន់ថា មានដំណោះស្រាយយ៉ាងដូចម្តេចឡើយ៕

មតិយោបល់