នៅក្នុងរបាយការណ៍របស់ក្រុមអ្នកជំនាញឯករាជ្យ លោកស្រីគ្រីស្តាលីណា ហ្សកជីវ៉ាបានជាប់ចោទក្នុងបទប្រើគំនាបលើក្រុមការងាររបស់លោកស្រីដើម្បីដំឡើងចំណាត់ថ្នាក់ប្រទេសចិននៅក្នុងចំណាត់ថ្នាក់របស់ធនាគារពិភពលោក « Doing Business » ២០១៨។ រឿងរ៉ាវមួយនេះបានកើតមានតាំងពីឆ្នាំ ២០១៧ នៅពេលដែលអគ្គនាយិកានៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF រូបនេះកាន់តំណែងជាប្រធានធនាគារពិភពលោក។ ចំណាត់ថ្នាក់ « Doing Business » របស់ធនាគារពិភពលោកជាការវាយតម្លៃពីបរិយាកាសនៃការធ្វើជំនួញរបស់ប្រទេសនីមួយៗក្នុងលោក។
ការវាយតម្លៃរបៀបនេះពិតជារឿងសំខាន់ខ្លាំងណាស់នៅក្នុងការប្រកួតប្រជែងដើម្បីទាក់ទាញក្រុមអ្នកវិនិយោគបរទេស។ តាមរបាយការណ៍របស់ក្រុមអ្នកជំនាញឯករាជ្យដដែល ការដែលលោកស្រីបានដាក់គំនាបលើក្រុមការងារដើម្បីដំឡើងចំណាត់ថ្នាក់ចិននៅក្នុងចំណាត់ថ្នាក់ « Doing Business » គ្រាន់ជាការបំពេញចិត្ត និងផ្គាប់ចិត្តចិនក្នុងគោលដៅទទួលបានវិភាគទានកាន់តែច្រើនពីចិនសម្រាប់ថវិការបស់ធនាគារពិភពលោក។ តែអតីតប្រធានធនាគារពិភពលោករូបនេះបានបដិសេធយ៉ាងដាច់អហង្ការលើការចោទប្រកាន់នេះ។
តាមលោកស្រីគ្រីស្តាលីណា ហ្សកជីវ៉ា ការិយាល័យមេធាវីអាមេរិក WilmerHale ដែលជាអ្នកស៊ើបអង្កេតបានធ្វើការបកស្រាយខុសពីសកម្មភាពរបស់លោកស្រី។ អ្វីជាការកត់សម្គាល់ ការស៊ើបអង្កេតរបស់ការិយាល័យមេធាវីអាមេរិកនេះបានបង្ខំឲ្យធនាគារពិភពលោកសម្រេចឈប់ផ្សព្វផ្សាយរបាយការណ៍ « Doing Business » និងគិតគូរពិចារណារកវិធីកែលំអពីរបៀបធ្វើការរបស់ខ្លួន។ ស្ថានការណ៍ដែលធនាគារពិភពលោកកំពុងជួបប្រទះតាមរយៈរឿងរ៉ាវរបស់លោកស្រីគ្រីស្តាលីណា ហ្សកហ្ស៊ីវ៉ាពេលនេះពិតជាស្ថានការណ៍មួយមិនល្អទាល់តែសោះ។
មិនល្អ ព្រោះវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ធនាគារពិភពលោក និងធ្វើឲ្យមានការបាត់បង់ជំនឿទុកចិត្តលើស្ថាប័នអន្តរជាតិដ៏ធំមួយនេះ៕
មតិយោបល់