ភ្នំពេញៈ រថយន្តតូយ៉ូតាព្រូសមួយគ្រឿង បើកបោះពួយយ៉ាងលឿន ដល់ចំណុចស្តុបផ្លូវបែកជាបួនមិនបង្អន់ល្បឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយស្រ្តីម្នាក់រងបួសធ្ងន់។ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់បន្សល់ទុកតែស្លាកលេខ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសំណង់(១២) តាមបណ្តោយផ្លូវលេខ១៨២ កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2V-2217 ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ស្តុបបែកជាបួនចំណុចកើតខាងលើ មិនបង្អន់ល្បឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនិច ពណ៏សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GS-7748 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច ពេញទំហឹងបណ្តាលឲ្យម៉ូតូនិងជនងគ្រោះខ្ទាតចេញប្រមាណជាង៥ម៉ែត្រ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់តែស្លាកលេខនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកចុះដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ៕
https://www.youtube.com/watch?v=lfF2iKElj3A
មតិយោបល់