ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចង់អញ្ជើញមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់អាមេរិក…

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពិចារណា ចំពោះការអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់សេតវិមាន ប្រសិនបើកិច្ចប្រជុំកំពូលរបស់ពួកគេ នៅក្នុងប្រទេសសិង្ហបុរីនាពេលខាងមុខ មានដំណើរការល្អនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។

លោក ត្រាំ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នោះ បន្ទាប់ពីជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន​ លោក ស៊ិនហ្សូ អាបេ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង នាថ្ងៃទី១២ ខែមិថុនាខាងមុខ។

ដោយលោកបាននិយាយថា «វាអាចទៅរួចដែលថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េ សម្រាប់កិច្ចប្រជុំកំពូលខាងមុខ នឹងអាចសម្រេចទៅបានដោយរលូន ខណៈរូបលោក បានយល់ឃើញថា វាជាផ្នែកមួយដ៏ងាយស្រួលនៃកិច្ចចរចា។

ក្នុងនោះលោក ត្រាំ បានបញ្ជាក់ថា អ្វីដែលនឹងកើតទ្បើងបន្ទាប់ ហើយសំខាន់នោះ គឺអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ចង់ឃើញកូរ៉េខាងជើង បោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន តែលោក ត្រាំ ក៏បានទទួលស្គាល់ដែរថា វាអាចនឹងចំណាយពេលយូរ ជាមួយកិច្ចប្រជុំក្រោយៗទៀត ដើម្បីសម្រេចគោលដៅនោះ៕

មតិយោបល់