ព័ត៌មានជាតិ

មួយករណីទៀតហើយ! ជនជាតិចិនមានគ្នា៤នាក់ ជិះរថយន្តPrusមួយគ្រឿង បុកពំនូកថ្មពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបា​នកើតឡើង រថយន្ត Toyota Prus មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BD-0600 បើកបរបុកពំនូកថ្មក្រឡាប់ផ្ងារជើង ខណ:ពេលមេឃភ្លៀងខ្លាំង ទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្ត Toyota Prus ១គ្រឿង បើកបរដោយជនជាតិចិន មានគ្នាចំនួន០៤នាក់ នៅក្នុងរថយន្តនោះហើយមានស្រ្តីម្នាក់ផងដែរ ។ បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចសុធារស ក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្នផងនោះ បានបុកពំនូកថ្មពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងទៅលើ ។ បន្ទាប់ពីកើតហេតុ អ្នកនៅក្នុងរថយន្តទាំងបួននាក់នោះ បានចុះពីក្នុងរថយន្តគេចខ្លួនបាត់ ស្រមោលអស់ពីកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុភ្លាមៗនោះ ក្រុមការងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ឃើញវត្តមាន កម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានចុះមកនូវឡើយនោះទេ ។ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារយើងខ្ញុំក៏មិនទាន់ដឹងពីចំណាត់ការរបស់ កម្លាំងសមត្ថកិច្ចយ៉ាងណានោះដែរ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ករណីនេះគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ៕

មតិយោបល់