ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូទៅបុករថយន្តកំពុងតែបត់ របួសធ្ងន់ទាំង២នាក់

ភ្នំពេញ: យុវជន២នាក់បើកម៉ូតូម៉ាកឌ្រីមសង់ប៊ិចមួយគ្រឿងក្នុងល្បឿនលឿនបានបុករថយន្តកំពុងតែរៀបបត់ឆ្វេងបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស កែងផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-8991 បើកតាមបណ្តោយផ្លូវព្រះសុធារសទិសដៅពីត្បូងមកជើង លុះបត់ទៅឆ្វេងតាមបណ្តោយផ្លូវ២៩៤ ស្រាប់តែមានយុវជន២នាក់ បើកម៉ូតូម៉ាកឌ្រីមសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-8033 បើកតាមបណ្តោយផ្លូវព្រះសុធារស ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកឌុបបាក់ជើងនិងអ្នកជិះពីក្រោយបែកក្បាល ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុខាងភាគីរថយន្តបានជួយចេញថ្លៃព្យាបាលនិងធ្វើម៉ូតូឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់