ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុករថយន្តព្រូសបណ្តាលឲ្យខ្ទាតប៉ះស្លាកសញ្ញាចរាចរណ៍ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តមិនចាំម៉ាកមួយគ្រឿងបើកក្នុងល្បឿនលឿនពេកដល់ផ្លូវបែកជាបួនស្រាប់តែទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងបុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង ហើយខ្ទាតរថយន្តម៉ាកព្រូសនោះទៅត្រូវស្លាកសញ្ញាបញ្ជាក់ប្រាប់ផ្លូវរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៩កែង៤៣០ សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿង​ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-8880 បើកតាមបណ្តោយផ្លូវ១៩៩ទិសដៅពីត្បូងមកជើងហើយស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកពាក់ស្លាកលេខ ភ្នំពេញ2AB-7881 បើកតាមបណ្តោយផ្លូវ៤៣០ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុករថយន្តព្រូសចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តព្រូសខ្ទាតទៅប៉ះស្លាកសញ្ញាប្រាប់ផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបន្សល់ទុកតែស្លាកលេខជ្រុះនៅលើដី តែប៉ុណ្ណោះ និងមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តព្រូសបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចឲ្យស្វែងរករថយន្តតាមស្លាកលេខហើយកោះហៅមកដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់