ភ្នំពេញៈ កាលពីម៉ោង៥ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែងស្ថិតនៅផ្លូវលំ ក្រុម០៩ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រឹបអូសបានម៉ូតូ៣គ្រឿងក្នុងនោះមានម៉ូតូឌ្រឹមសង់សេ១២៥មួយគ្រឿងត្រូវបានក្រុមសង្ស័យទើបតែប្លន់ពីបុរសម្នាក់នៅសង្កាត់ភ្នំពេញថ្មី។
ប្រតិបតិ្តការខាងលើនេះដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌតំណាងឲ្យលោក ប៉ឹល កុស អភិបាលខណ្ឌ លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ លោក គួក សុខហួរ អធិការរងនិងដោយមានការសម្របសម្រួលពីលោក ស៊ិន វិរៈ ព្រះរាជធាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងកម្លាំងជាច្រើនរូបទៀត។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានករណីគំរាមប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពីបុរសម្នាក់កាលពី១១និង៤០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅផ្លូវបណ្ឌិតម៉ុងរិទ្ធី ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបកម្លាំងបានសហការជាមួយជនរងគ្រោះ ដោយស្រាវជ្រាវតាមប្រព័ន្ធ GBS រហូតឈានមកធ្វើការឆែកឆេរលំនៅដ្ឋានខាងលើ និងបានឃើញម៉ូតូជនរងគ្រោះនៅក្នុងផ្ទះនោះ។
ប្រភពដដែលបានបន្តថា ក្រោយពីចូលដល់លំនៅដ្ឋានខាងលើបានជួបស្ត្រីម្នាក់ យុវជនម្នាក់ និងក្មេងប្រុសតូចម្នាក់ ក្រោយពីត្រួតពិនិត្យហើយបានធ្វើការដកហូតរថយន្តបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2X-6046 មួយគ្រឿង ម៉ូតូស្កូបពី ពណ៌ខៅ្ម ស្លាកលេខកំពង់ចាម1K-0272មួយគ្រឿង ម៉ូតូស្មាក់វី ពណ៌ខ្មៅលាយស ស្លាកលេខភ្នំពេញ1CO-0826 មួយគ្រឿង និងម៉ូតូសេ១២៥ពណ៌ខ្មៅសេរូ២០១៦ របស់ជនរងគ្រោះ ហើយបានធ្វើការនាំខ្លួនស្ត្រីឈ្មោះ ខឹម ស្រីមុំ អាយុ៤១ឆ្នាំ និងឈ្មោះ សៀក អ៊ូហៀង ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាប្រពន្ធ និងកូនជនសង្ស័យយកទៅសាកសួរផង។
គួររំឮកថា កាលពីម៉ោង១១និង៥០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បុរសម្នាក់ឈ្មោះ អេង រស្មី អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញFP-1861ទៅផ្សារនៅចំណុចផ្លូវបណ្ឌិតម៉ុងរិទ្ធី ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ស្រាប់តែជួបជនសង្ស័យមកស្ទាក់ប្លន់យកម៉ូតូតែម្តង។
បច្ចុប្បន្នវត្ថុតាង និងស្ត្រីជាប្រពន្ធនិងកូនបានកំពុងតែធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
មតិយោបល់