ព័ត៌មានជាតិ

ទាស់សម្ដីគ្នារឿងកូនយំ ទាញពូថៅកាប់ប្រពន្ធ បណ្ដាលឲ្យរបួសយ៉ាងដំណំ

ភ្នំពេញៈ បុរសជាប្តីបានប្រើហិង្សាទៅលើប្រពន្ធ ដោយ យកកូនពូថៅកាប់ត្រូវដៃខាងឆេ្វង បណ្តាលឲ្យមានរបួស ត្រូវសមត្ថកិច្ចខណ្ឌ សហការជាមួយប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ត្រង់ចំណុចផ្លូវវថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា លុះដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១១ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញខណ្ឌប៉ុស្តិ៍ និងប៉ុស្តិ៍បានឃាត់ខ្លួនជនបង្កម្នាក់ ឈ្មោះ វ៉ែន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ( មានសារធាតុញៀន) មានទីលំនៅផ្ទះជួល ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះតុំ ស៊ីណា ភេទស្រី អាយុ៣៦ ឆ្នាំ មានទីលំនៅផ្ទះជួលកើតហេតុខាងលើ មុខរបររើសអេតចាយ។

ប្រភពដដែលបានបន្ថែមថា នៅថៃ្ងទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ជនរងគ្រោះ និងជនបង្ក ត្រូវជាបី្ត បានទាស់សម្ដីគា្នរឿងកូនយំ ទើបជនបង្កត្រូវជាបី្តខឹងប្រពន្ធ ក៏យកកូនធុងបាស់តូចគប់ទៅលើប្រពន្ធ ត្រូវចំថា្ងស់ ហើយជនរងគ្រោះ ក៏បានពកូនដើរចេញមកខាងក្រៅផ្ទះ តែត្រូវប្តីដើរតាមពីក្រោយយកកូនពូថៅកាប់ ត្រូវចំសាច់ដុំដើមដៃខាងឆ្វេង បណ្តាលរងរបួសតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងកូនពូថៅចំនួន១ ផ្នែកជំនាញខណ្ឌបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីវិធី៕

មតិយោបល់