រុស្ស៊ីៈ ប្រភពពីក្រុមឃ្លាំមើលមួយ នៅក្នុងប្រទេសស៊ីរី បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការវាយប្រហារមួយ ត្រូវបានគេជឿថា បានធ្វើទ្បើងពីសំណាក់ប្រទេសរុស្ស៊ី ទៅលើភូមិមួយ ក្នុងទីក្រុង Idlib ដែលជាតំបន់កាន់កាប់ដោយពួកឧទ្ទាមនៅស៊ីរី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ និង ៦០នាក់ទៀតបានរងរបួស ក្នុងរយៈត្រឹមតែមួយយប់ប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។
លោក Rami Abdulrahman ប្រធានអង្គការឃ្លាំមើលសង្គ្រាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា យន្តហោះចម្បាំងមួយគ្រឿង ទំនងជារបស់រុស្ស៊ី បានសំដៅគោលដៅវាយប្រហារទៅលើភូមិ Zardana នៅតំបន់ដាច់ស្រយាលរបស់ទីក្រុង Idlib កាលពីយប់មិញ។
ខណៈតួលេខអ្នកស្លាប់ទាំងនោះ គឺខ្ពស់បំផុតសម្រាប់ការវាយប្រហារ ក្នុងតំបន់នៅឆ្នាំនេះ ដែលក្នុងចំណោមជនរងគ្រោះទាំងអស់ រួមមានស្ត្រី ១១ នាក់ និងកុមារ ៦ នាក់។
ដោយទ្បែកទាក់ទងនឹងបញ្ហានេះ ក្រសួងការពារជាតិរុស្ស៊ី បានធ្វើការច្រានចោលផងដែរថា ពួកគេមិនបានអនុវត្តការវាយប្រហារដែនអាកាស នៅទីតាំងនោះទេ៕
មតិយោបល់