ភ្នំពេញៈ បុរសម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ជាមួយល្បឿនលឿន ស្រាប់តែទៅបុកគូទ រថយន្តហ៊ីយន់ដាយស៊ូណាតា ស៊េរីទំនើបពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯបុរសម្នាក់នោះ ហូរឈាមពេញមុខ មិនព្រមទៅមន្ទីពេទ្យ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងផ្លូវ ១៣៥ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខក្រមហ៊ុនជីបម៉ុងគ្រុប) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហ៊ីយន់ដាយស៊ូណាតា ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-2636 បើកតាមបណ្តោយផ្លូវ ម៉ៅសេទុង ទិសដៅពីលិចទៅកើត ស្រាប់តែដល់កែងផ្លូវ ១៣៥ ឃើញរថយន្តគេឆ្លងកាត់ផ្លូវ ក៏បង្អង់ល្បឿន ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសង់ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FR-2733 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគ បើកក្នុងល្បឿនលឿន ស្របទិសដៅគ្នា បានបុកគូទរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ហើយបុរសដែរជាម្ចាស់ម៉ូតូនោះរងរបួសមុខហូរឈាមដាបពេញខ្លួន តែមិនព្រមទៅមន្ទីពេទ្យ និងព្យាយាមអង្វរសុំកុំឲ្យភាគីទារសំណង។
ក្រោយពេលកើតហេតុក្រុមគ្រួសារភាគីទាំងសងខាង បានមកដល់កន្លែងកើតហេតុ ហើយខាងភាគីគ្រួសារម្ចាស់រថយន្ត បានឲ្យម្ចាស់ម៉ូតូទៅមន្ទីពេទ្យ ដោយការអាណិតអាសូរពីខាងភាគីរថយន្ត គាត់មិនទាមទារសំណងនោះទេ សុខចិត្តយកទៅធ្វើរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់