កំពង់ឆ្នាំងៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសាររថយន្តធុនធំ បើកបរក្នុងល្បឿនលឿន កៀរម៉ូតូដែលកំពុងបើកបរក្នុងទិសដៅទិសដៅស្របគ្នា កាលពីវេលាម៉ោង២និង២៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨០និង៨១ ចំណុចខាងមុខសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន អណ្តូងស្នាយ ស្ថិតក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B3943 របស់ក្រុមហ៊ុនស៊ីភី បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នា ជាមួយនិងម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B3681 បើកបរដោយឈ្មោះ ហ៊ឹម ប៉ូឡា ភេទស្រី អាយុ ៣៥ឆ្នាំនៅក្នុងភូមិក្រាំសាម៉ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះឌុបគ្នា ៣នាក់។ នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំ របស់ក្រុមហ៊ុនស៊ីភី បើកបរក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ បានឡើងជែងម៉ូតូ ដែលកំពុងជិះឌុបគ្នា តែជែងមិនផុត ក៏កៀរម៉ូតូដួល បណ្តាលឲ្យស្ត្រីម្នាក់ ដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ ហ៊ឹម ប៉ូឡាម ភេទស្រី អាយុ៣២ឆ្នាំ និង ២នាក់ទៀត រងរបួសធ្ងន់ ពួកគាត់ទាំង៣នាក់ រស់នៅក្នុងភូមិឃុំជាមួយគ្នា។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្ត នៅកន្លែងកើតហេតុ ក្នុងនោះជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយ ដឹកយកទៅមន្ទីរពេទ្យ ហើយអ្នកស្លាប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅលំនៅឋានតាមប្រពៃណី។ ចំពោះរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុករងចាំធ្វើការដោះស្រាយតាមនិតិវិធី៕
មតិយោបល់