ព័ត៌មានជាតិ

Update: ហ៊ីណូបុកកាមរីលាន់ដូចរន្ទះ របួសធ្ងន់-ស្រាល២នាក់

ប៉ៃលិន: រថយន្តហ៊ីណូដឹកទំនិញបានបើកបុកជាមួយរថយន្តកាមរី បណ្ដាលឲ្យអ្នកដំណើរ២នាក់ ម្ដាយនិងកូនប្រុស ជាអ្នកបើកបររថយន្តកាមរី រងរបួសធ្ងន់ និងម្ដាយរងរបួសស្រាល ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥៧ ក្នុងភូមិបាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញធុនធំម៉ាកហ៊ីណូ ពណ៌ ប្រផេះ ពាក់ស្លាកលេខ ក-6308 ភព បើកយ៉ាងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកាមរី ស៊េរី៩៥ ពណ៌ស ស្លាកលេខ ភ្នំពេញ 2D-3155 បើកពីលិចទៅកើតក៏បុកគ្នាលាន់ដូចរន្ទះ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាម្ដាយឈ្មោះ ប៊ុន ពៅ អាយុ៥៦ឆ្នាំ មុខរបរកសិករ បានរងរបួសស្រាល រីឯអ្នកបើកបរឈ្មោះ តាំង រតនា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិចម្ការសំរោង ឃុំចម្ការរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រងរបួសធ្ងន់។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានដាក់មេប្រូចបាត់ស្រមោល ហើយសមត្ថកិច្ចបានចុះទៅវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់