ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភាស្នើដល់ទូតស៊ុយអ៊ែតចប់អាណត្តិជួយជំរុញអ្នកទេសចរ អ្នកវិនិយោគស៊ុយអ៊ែត មកកម្ពុជាឲ្យបានច្រើន

ក្នុងឱកាសទទួលជួបសវនាការជាមួយ លោកស្រី Anna Haj Hultgard ឯកអគ្គរាជទូត នៃប្រទេសស៊ុយអ៊ែត (Sweden) ចប់អាណត្តិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់លោស្រីឯកអគ្គរាជទូត បន្តភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាទៀត បើទោះបីជាបេសកកម្មការទូត ត្រូវបានបញ្ចប់យ៉ាងណាក្តី។ សម្តេចបានស្នើដល់លោកស្រី ជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជា ដល់ប្រជាជនស៊ុយអ៊ែត ឲ្យបានដឹង ហើយធ្វើដំណើរមកកម្បាន្ត និងវិនិយោគ នៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។

លោកស្រី Anna Haj Hultgard ឯកអគ្គរាជទូតនៃប្រទេសស៊ុយអ៊ែត (Sweden) នឹងបញ្ចប់អាណត្តិការទូត ពីកម្ពុជានៅក្នុងរយៈពេលខាងមុខដ៏ខ្លីនេះ ហើយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោកស្រីចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកស្រី Anna Haj Hultgard នៅក្នុងការបំពេញបេសកកម្មការទូត៣ឆ្នាំនៅកម្ពុជាកន្លងមកនេះ ដោយទទួលបានជោគជ័យ ធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស៊ុយអ៊ែត មានការីកចម្រើនជាលំដាប់។

ឆ្លៀតឱកាសនោះ សម្តេចបានថ្លែងអំណរគុណដល់ប្រទេស និងប្រជាជនស៊ុយអ៊ែត ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជា ចាប់តាំងពីកម្ពុជាងើបចេញពីរបបខ្មែរក្រហមមក។ រហូតមកដល់ពេលនេះស៊ុយអ៊ែត នៅតែជាមិត្តល្អរបស់កម្ពុជា ជាប្រទេសដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍដល់កម្ពុជា ហើយបានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា រហូតមកដល់ពេលនេះ។

លោកស្រី Anna Haj Hultgard បានសម្តែងនូវក្តីរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងដែលបានធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះ លោកស្រី បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលប្រទេសកម្ពុជា ដែលបានបង្ហាញឆន្ទៈគាំទ្រដល់បេក្ខភាពរបស់ប្រទេសស៊ុយអ៊ែត ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោងបោះឆ្នោត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

លោកស្រីបានគាំទ្រប្រសាសន៍ លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា លោកស្រីនៅតែបន្តថែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា។ ទោះបីលោកស្រី ត្រូវបញ្ចប់បេសកកម្មការទូតក្តី តែកម្ពុជានៅតែនៅក្នុងចិត្តរបស់លោកស្រី។ លោកស្រីបានស្គាល់ប្រជាជនកម្ពុជា និងមានអនុស្សាវរីយ៍ជាច្រើនជាមួយកម្ពុជា។ លោកស្រីនឹងធ្វើដំណើរមកកាន់កម្ពុជាជាថ្មីម្តងទៀត ក្នុងនាមជាអ្នកទេសចរណ៍ និងខិតខំជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ពាណិជ្ជកម្មនៅកម្ពុជាដល់ប្រជាជនស៊ុយអ៊ែតផងដែរ៕

មតិយោបល់