ភ្នំពេញៈ ក្រុមកម្មកររោងចក្រចំនួន៤០នាក់ តំណាងឲ្យកម្មករ២០០នាក់ បាននាំគ្នាធ្វើដំណើរមកសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបុរសម្នាក់ និងនារីម្នាក់បានអះអាងថា ជារដ្ឋបាលរោងចក្រមួយកន្លែង និងប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដោយតម្រូវឲ្យពួកគាត់បង់លុយជាមុនហើយសន្យាថានាំចូលធ្វើការ។
បើកតាមយុវជនម្នាក់ឈ្មោះ ផេង ចាន់ថូ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្ពានតោ ឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញក្រដាសដែលគេបិទតាមបង្គោលភ្លើងនិងជញ្ជាំងតាមផ្លូវថា ត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ និងមិនត្រូវការបទពិសោធន៍ ទើបរូបគាត់ទំនាក់ទំនងតាមទូរសព្ទនិងណាត់ជួបបុរសម្នាក់ឈ្មោះតុលា ។
លុះនៅថ្ងៃ២០ ខែឧសភា ឆ្នាំដដែល រូបគាត់ក៏មកជួបបុរសម្នាក់ឈ្មោះ តុលា ដែលអះអាងថាជារដ្ឋបាលបានតម្រូវឲ្យបង់លុយមុនចំនួន៥០ដុល្លារ និងសន្យាថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ និងនាំចូលធ្វើការ។
សាក្សីបន្តទៀតថា រហូតមកដល់ថ្ងៃកើតហេតុរូបគាត់និងក្រុមកម្មករជាច្រើននាក់ទៀតបាននាំគ្នាមកចូលធ្វើការតាមអ្វីដែលបុរសរដ្ឋបាលនោះសន្យា។ តែអ្វីដែលហួសចិត្តនោះខណៈដែលក្រុមកម្មករជាង២០០នាក់បានមកធ្វើការបែរជាកន្លែងរោងចក្រឆ្លើយថា មិនមានរើសបុគ្គលិកនោះទេ ហើយក៏មិនស្គាល់ឈ្មោះតុលា ដែលអះអាងថារដ្ឋបាលដែលទើបនាំគ្នាភ្ញាក់ខ្លួនថាចាញ់បោកគេហើយ បាននាំគ្នាទៅសាលាសង្កាត់ចោមចៅ៣ សុំការអន្តរាគមន៍។
ជនរងគ្រោះបានបញ្ជាក់ថា រោងចក្រដែលបុរសឆបោកប្រាប់យកមកធ្វើជាឈ្នាន់នោះឈ្មោះ វីន សាន់ ដែលបានទីតាំងនៅក្នុងដំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ តែពួកគេមកប្រគល់លុយនៅក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ៣។ ជនរងគ្រោះបានបញ្ជាក់ថា ពាក់ព័ន្ធនិងករណីខាងលើនេះក្រុមកម្មករមានអ្នកខ្លះបង់រហូត១០០ដុល្លារ និងមានលើសពីនេះទៅទៀត៕
មតិយោបល់