ភ្នំពេញៈ រថយន្តទ្រុងដឹកទឹកកក១គ្រឿងបានបើកបរក្នុងល្បឿនលឿនហើយមិនដឹងថាអ្នកបើកបរងងុយដេកឬស្រវឹងស្រានោះឡើយ ហើយបានជ្រុលទៅបុករះម៉ូតូ១គ្រឿង រងការខូចខាតរួចបានបន្តទៅបុករថយន្តសាំយ៉ុង១គ្រឿងទៀតដែលកំពុងចតស្ងៀម បណ្ដាលឲ្យរថយន្តសាំយ៉ុង រងការខូចខាតកំពិត១ចំហៀងខ្លួនទើបរថយន្តដឹកទឹកកកនេះឈប់ស្ងៀម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2W-5800 ជាប្រភេទរថយន្តទ្រុងដឹកទឹកកក។ ចំណែកម៉ូតូដែលត្រូវរថយន្តបង្កបើកបុកម៉ាក ស៊ុយហ្ស៊ុយគីឡេត ពណ៌ស លាយខៀវ និងរថយន្តសាំយ៉ុងដែលកំពុងឈប់ចតស្ងៀមហើយត្រូវរថយន្តខាងលើបើកបុកបណ្ដាលឲ្យរងការខូចខាតដែរនោះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO-6801 ហើយទាំងបើកបររថយន្តទាំង២គ្រឿងនិងអ្នកជិះម៉ូតូមិនត្រូវបានស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកកកបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងថាអ្នកបើកបរងងុយដេកឬស្រវឹងស្រាឡើយ។ស្រាប់តែរេចង្កូតជ្រុលទៅបុករះម៉ូតូនិងរថយន្តខាងលើជាបន្តបន្ទាប់ ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍មួយនេះឡើយ។ មិនតែប៉ុណ្ណោះក្រោយពេលកើតហេតុភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនោះតែម្ដង៕
មតិយោបល់