ភ្នំពេញៈ បុរសម្នាក់ដែលជាកម្មករសំណង់បន្ទាប់ពីធ្វើសកម្មភាពហែកទ្វារបន្ទប់ ហូតដកគន្លឹះបានចូលទៅខាងក្នុងបន្ទប់កូនក្រមុំគេ ចាប់កន្ទ្រប់នៅលើគ្រែ ប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ធ្វើឲ្យនាងដឹងខ្លួនស្រែកឆោឡោ ពេលនោះពូរបស់នាងភ្ញាក់ក្រោកមកទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍កន្ទោក ខណ្ឌពោធិ៍សែនជ័យតែម្តង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ពៅ ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ចំណែនារីរងគ្រោះមាន ឈ្មោះ គ ល ត ស្នាក់នៅបន្ទប់ ជួលកន្លែងកើតហេតុ ។ ចំណែកម្តាយជនរងគ្រោះមាន ឈ្មោះ ងន រី អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ មិនបានស្នាក់នៅជាមួយ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលនារីរងគ្រោះកំពុងដេកសម្រាកក្នុងបន្ទប់ម្នាក់ឯង បិទទ្វារដាក់គន្លឹះជាប់ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ ទៅធ្វើសកម្មភាពហែកទ្វារ ស័ង្កសី លូកដៃដកគន្លឹះទ្វារចូលក្នុងបន្ទប់ ឡើងលើគ្រែយកខ្នើយទៅខ្ទប់មាត់នារីរងគ្រោះ ប៉ុនប៉ងរំលោភ តែមិនបានសម្រេច ដោយសារនាងរើរួចស្រែក ឆោឡោ ទើបផ្អើលដល់ពូរបស់នាងម្នាក់ ស្នាក់នៅបន្ទប់ក្បែរនោះ មកជួយចាប់ខ្លួនជាប់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍កន្ទោកតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងនៅប៉ុស្តិ៍កន្ទោក រួចបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
មតិយោបល់