ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឡាវ មកកម្ពុជា ដើម្បីពង្រឹង និងពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការ

ភ្នំពេញៈ នាយករដ្ឋមន្ត្រី នៃប្រទេសឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន រយៈពេលពីរថ្ងៃ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលមានស្រាប់ ទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នេះជាការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្រសួងការបរទេស បានបន្តឲ្យដឹងទៀតថា ទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនានេះ លោក ថងលូន ស៊ីសូលីត (Thongloun SISOULITH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត ក៏នឹងជួបសម្ដែងការគួរសមជាមួយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបចរចាផ្លូវការជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

មតិយោបល់