កំពង់ស្ពឺៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង១៥នាទីព្រឹក គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងម៉ូតូនិងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ឌុបប្រពន្ធនឹងកូន មកដល់ចំណុចកើតហេតុ បានបង្អង់ម៉ូតូ រងចាំបត់ឆ្លងផ្លូវ ស្រាប់តែប៉ះជាមួយរថយន្តមិនស្គាល់ម៉ាក ដួលខ្ទាតទៅលើថ្នល់ ត្រូវរថយន្តមិនស្គាល់ម៉ាក១ទៀត បុកកិនបន្ថែម បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកប្រពន្ធ និងកូនស្រី រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន និងធ្វើការស្រាវជា្រវរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធី ចំពោះសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបណ្យតាមប្រពៃណី៕




មតិយោបល់