ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! ឌុបជូនទៅរកសេវាផ្លូវភេទ ដល់កន្លែងហក់ចុះភ្លែត ព្រោះតែទប់អារម្មណ៍មិនជាប់…ក៏ត្រូវជនសង្ស័យបោកយកម៉ូតូទៅបាត់

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកគ្នា៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ឆបោកយកម៉ូតូរបស់អ្នកស្គាល់គ្នា ខណ:ដែលគេពឹងឲ្យឌុបជូន ទៅរកសេវាផ្លូវភេទ ហើយជនសង្ស័យ ក៏ជិះនាំទៅ រួចគេចខ្លួនបាត់មួយយប់ ដោយសារម៉ូតូមានGPS នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ត្រូវម្ចាស់រកឃើញម្នាក់ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចនាំមកប្រគល់ជូនប៉ូលិសប៉ុស្តិ៍កាកាប២ ខណ្ឌពោធោធិសែនជ័យ ចំណែក២នាក់ទៀតគេចខ្លួនបាត់។

ជនសង្ស័យឃាត់ខ្លួនបានម្នាក់ ឈ្មោះ សាយ នេត អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ។ ចំណែកជនសង្ស័យ២នាក់ទៀត ដែលបានគេចខ្លួននោះទី១ ឈ្មោះ អាង៉ោល ភេទប្រុស អាយុ២០ឆ្នាំ និងទី២ ឈ្មោះ អាត្រា ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំងពីរមានមុខរបរ និងស្នាក់មិនពិតប្រាកដ។

ជនរងគ្រោះ ជនរងគ្រោះ ឈ្មោះ សូ គោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករស៊ីឈ្នួលលក់ឥវ៉ាន់ ឲ្យម្ដាយមីង ស្នាក់នៅផ្ទះលេខ១២អឺអូ ផ្លូវលំ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ជិះម៉ូតូម៉ាក ZOOMER ពណ៌ស លាយបៃតងខ្ចី សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ-1GN 7972 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយបញ្ចប់បែកវង់ផឹកស៊ី នៅផ្ទះបងប្អូន ភូមិព្រៃព្រីងត្បូង២ បានជិះម៉ូតូ ទៅរកសេវាផ្លូវភេទ ត្រង់ចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ លុះទៅដល់ក៏ជួបជនសង្ស័យទាំង៣នាក់ខាងលើ ឈប់សាកសួរ រកផ្ទះណាមានស្រីបម្រើសេវាផ្លូវភេទ ជនសង្ស័យប្រាប់អង្អុល ហើយទាមទារ បើកម៉ូតូឌុបគ្នាទាំង៤នាក់ ចេញទៅ ដល់ក្នុងភូមិសម្បូរស្រីរាត្រីបម្រើសេវា ភ្លាមជនរងគ្រោះ ជាម្ចាស់ម៉ូតូលោតចុះភ្លែត បោលចូលដូចស្រេកឃ្លានសម្បើមណាស់ បានឱកាស ជនសង្ស័យបើកម៉ូតូគេច ទៅបាត់ ទើបស្វាងស្រា ភ្លឺភ្នែក ក៏ បែកញើសប៉ុនៗគ្រាប់ពោត រត់ទៅប្តឹងប៉ូលិសទាំងយប់ ។

តាមប្រភពដដែល បានឲ្យដឹងថា ម៉ូតូខាងលើមានភ្ជាប់ប្រព័ន្ធ GPS ក្រោយពីជនសង្ស័យ ជិះរត់គេចទៅ ព្រឹកឡើងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីឆែកដឹកទីកន្លែងថាម៉ូតូខ្លួន ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ ជនរងគ្រោះ តាមស្វែងរកឃើញ ស្រែកឆោឡោ ផ្អើលសមត្ថកិច្ចខេត្តតាកែវ ជួយចាប់ឃាត់បានជនសង្ស័យម្នាក់។

ដោយសាររឿងអង្គហេតុ កើតឡើងនៅខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ទើបសមត្ថកិច្ចខេត្តតាកែវ ទំនាក់ទំនង មកខាងខណ្ឌពោធិ៍សែនជ័យ ឲ្យទៅទទួលយកជនសង្ស័យ រួមជាមួយវត្ថុតាង វិលត្រឡប់មកប៉ុស្តិ៍កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ប្រគល់ជូនទៅម្ចាស់ដើមវិញ៕

មតិយោបល់