ព័ត៌មានជាតិ

ដាក់លេខច្រឡំមកក្រោយ និងជាន់ហ្គែខ្លាំង ជ្រុលទៅបុកបង្គោលភ្លើងនិងប៉ាណូបាក់វៀចអស់២ដើម ខ្ទេចគូទខាងក្រោយ!

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹង រួមជាមួយអ្នកធ្វើដំណើរ២នាក់ទៀត បានបញ្ឆេះរថយន្តនិងច្រឡំដាក់លេខ មកក្រោយ ក៏ជ្រុលទៅបុកបង្គោលភ្លើង និងប៉ាណូនៅក្បែគ្នា បណ្ដាលឲ្យបាក់វៀចទាំង២។ ចំណែករថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងក្រោយស្ទើរតែទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង នៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្បែរក្លឹបចតុមុខ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្កហេតុម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-1742 ដែលអ្នកបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា រួមដំណើរជាមួយមិត្តភក្តិ២នាក់ទៀតក្នុងរថយន្តជាមួយ ។

បើតាមសម្ដីម្ចាស់រថយន្តបង្កបាប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់ និងមិត្តភក្តិ២នាក់ទៀត បានឡើងជិះលើរថយន្ត និងបានបញ្ឆេះរថយន្តឲ្យឆេះ តែដោយសារម្ចាស់រថយន្តដាក់លេខច្រឡំមកក្រោយ ទើបធ្វើឲ្យរូបគាត់ ពេលជាន់ហ្គែខ្លាំង ក៏ជ្រុលទៅបុកបង្គោលភ្លើង និងស្លាក ប៉ាណូដែលនៅលើចញ្ចើមផ្លូវ រងការខូចខាតទាំង២ដើម។ ចំណែករថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ តែសំណងល្អ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបានរយ៉ែបម្រុងបើក ចេញបានប្រហែល៣០ម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះឃាត់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាន នៃការិយាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់