ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់តូច និងម៉ូតូមួយគ្រឿង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ជិតនិងផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១៖ មានឈ្មោះស៊ី ណាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកម្មករសំណង់ ក្នុងបុរីមេគង្គរ៉ូយ៉ាល់ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅខេត្តព្រៃវែង និងទី២ មានឈ្មោះបូ រី ភេទប្រុស អាយុ២៣ឆ្នាំមុខរបរជាងពិដាន ស្នាក់នៅតាមបណ្តោយផ្លូវជាតិ៦អា ម្តុំស្ពានលេខ២ ក្នុងសង្កាត់បាកខែង ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅខេត្តព្រៃវែង។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនីច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1CZ-1429 ឆ្លងកាត់គោលដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងជនសង្ស័យទាំង២នាក់ឃើញកម្លាំងនគរបាលនៅខាងមុខហើយមានការភ័យស្លន់ស្លោរបានជិះម៉ូតូត្រឡប់ក្រោយ ហើយជនសង្ស័យម្នាក់ដែលមានឈ្មោះបូ រី នៅអង្គុយនៅខាងក្រោយបានលោតចុះពីលើម៉ូតូហើយបានដើរសំដៅទៅក្បែររថយន្តមួយគ្រឿងម្ចាស់ចតចោលនៅមុខផ្ទះក្បែរកន្លែងកើតហេតុ ត្រូវបានកម្លាំនគរបាលពង្រាយតាមគោលដៅឃើញបានធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវនាំខ្លួនមកសួរនាំបន្តនៅ អធិការដ្ឋានខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់